កាលពីថ្ងៃម្សិលមិញ ក្រសួងវប្បធម៌ និងវិចិត្របានប្រកាសព័ត៌មានអនុញ្ញាតឱ្យរោងភាពយន្តនិងរោងសម្លែងសិល្បៈបើកដំណើរការឡើងវិញ ក្រោយពីរដ្ឋាភិបាលប្រកាសបិទតាំងពីពាក់កណ្ដាលខែមីនាមក។

ក្រសួងវប្បធម៌បញ្ជាក់ថា រោងភាពយន្តនិងរោងសម្ដែងសិល្បៈទាំងនេះត្រូវដាក់ពាក្យស្នើសុំ មុនបើកដំណើរការឡើងវិញ។

សេចក្ដីសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការអនុញ្ញាតឱ្យរោងភាពយន្តនិងរោងសម្ដែងសិល្បៈបើកដំណើរការឡើងវិញនេះ គឺដើម្បីជួយសម្រួលការលំបាកផ្នែកសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ក្រុមសិល្បៈ ក្នុងការអភិរក្សនិងលើកស្ទួយវប្បធម៌ជាតិ។ ប៉ុន្តែមុនបើកដំណើរការ ម្ចាស់រោងភាពយន្តនិងរោងសម្ដែងសិល្បៈ  ត្រូវតែដាក់ពាក្យស្នើសុំនិងចុះអនុស្សរណៈយោគគ្នាជាមួយក្រសួងវប្បធម៌ ត្រូវត្រៀមរៀបចំខ្លួនឱ្យរួចរាល់ដើម្បីប្ដេជ្ញាចិត្តអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពតាមគោលការណ៍ស្ដង់ដារប្រតិបត្តិឱ្យបានត្រឹមត្រូវ និងត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្តក្នុងទទួលខុសត្រូវនិងចូលរួមសហការជាមួយមន្រ្តីក្រសួងដែលត្រូវពិនិត្យតាមដានការអនុវត្តគោលការណ៍ស្ដង់ដារប្រតិបត្តិ។

សេចក្ដីប្រកាសព័ត៌មានរបស់វប្បធម៌នេះ ស្របពេល ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃម្សិលមិញដែរថា អ្នកជំងឺកូវីដ១៩ចំនួន៨នាក់បន្ថែមទៀតបានជាសះស្បើយ ដែលបានធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់២១០នាក់ និងអ្នកនៅសល់កំពុងសម្រាកព្យាបាលចំនួន៣៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៤៣នាក់៕