ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកចំនួន៣នៃខេត្តបាត់ដំបង ៣ គឺស្រុកបវិល ស្រុកមោងឬស្សី និងស្រុកថ្មគោល មានទំហំដីជាង២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។

ក្រុមសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបូមទឹកជួយសង្រ្គោះស្រូវដែលកំពុងរងផលប៉ះពាល់ទាំងនេះ។ លោក ឈឹម វជ្ជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ខែសីហានេះថា ដំណាំស្រូវដែលរងផលប៉ះពាល់ជាង ២ម៉ឺនហិកតានេះ កំពុងរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត គ្មានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្ករបង្កើនផល។

លោក ឈឹម វជ្ជិរា បានបញ្ជាក់ថា មន្ទីរកសិកម្ម អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីជំនាញ បានចុះទៅដល់ទីតាំង ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីរកវិធីដោះស្រាយ និងបូមទឹកជួយសង្រោ្គះដំណាំស្រូវរបស់ប្រជាកសិករឲ្យបានទាន់ពេលវេលា។ លោកបន្តទៀតថា ប្រភេទដំណាំស្រូវដែលរងផលប៉ះពាល់ច្រើនជាងគេ គឺស្រូវស្រាលមិនប្រកាន់រដូវ ។ ស្រូវមួយចំនួនមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយភាគច្រើនដែលប៉ះពាល់ខ្លាំង គឺស្រូវស្រាលមិនប្រកាន់រដូវ ដែលពួកគាត់ធ្វើការដាំដុះតាំងពីខែ៥មកម្ល៉េះ ពោលគឺចន្លោះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមិនមានភ្លៀងធ្លាក់ ដែលធ្វើឲ្យដំណាក់កាលស្រូវរបស់ពួកគាត់ត្រូវបែកគុម្ព និងលូតលាស់ទៅមិនរួច។ ប៉ុន្តែប្រភេទស្រូវផ្ការំដួលវិញ នៅពេលដែលមានភ្លៀងធ្លាក់មកវាមិនមានបញ្ហាទេ បើប៉ះពាល់ក៏ប៉ះពាល់តិចតួចដែរ ដូច្នេះយើងក៏អាចសង្រ្គោះវាបានវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរ។

 ទោះយ៉ាងណា លោកប្រធានមន្ទីរអះអាងថា ផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋទេ ពីព្រោះស្រូវទាំងនេះមិនបានខូចខាតទាំងស្រុងឡើយ។ យ៉ាងណាក៏ដោយលោកថា សម្រាប់ប្រជាពលរដ្ឋដែលខូចខាតស្រូវទាំងស្រុង មន្ទីរបានត្រៀមពូជស្រូវ និងពូជបន្លែសម្រាប់ចែកជូនប្រជាពលរដ្ឋ យកទៅបង្ករបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តបាត់ដំបង មានផ្ទៃដីចំនួនជាង៣២ម៉ឺនហិកតា ដោយបានអនុវត្ដបានចំនួនជាង២៦ម៉ឺនហិកតា ស្មើនឹងជាង៨០ភាគរយ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា