
អ្នកស្រី ឡុង សុឃីម ត្រូវជាប្អូនស្រីអ្នកស្រី ឡុង ជូ មានអាយុជាង ៧០ឆ្នាំដូចគ្នា បានដាំរុក្ខជាតិប្រទាលកន្ទុយក្រពើ នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាចរកចំណូលបានជាង ១០០ដុល្លារ ជារៀងរាល់ថ្ងៃ។
អ្នកស្រី ឡុង សុឃីម បានប្រាប់ឲ្យដឹងថា ពួកគាត់ចាប់ផ្តើមអាជីពដាំប្រទាលកន្ទុយក្រពើនេះ ចាប់តាំងពីឆ្នាំ២០១៨មក មានចំនួន ១៤០០ផើង ហើយបច្ចុប្បន្នកំពុងពង្រីកកូនដាំចំនួន ២០០ផើងបន្ថែមទៀត។ អ្នកស្រីបញ្ជាក់ថា សព្វថ្ងៃនេះ ប្រទាលកន្ទុយក្រពើមានទីផ្សារ ពោលគឺមានភ្ញៀវទិញកូន និងធាងប្រទាលកន្ទុយក្រពើទាំងនៅក្នុងខេត្ត និងយកទៅតាមបណ្ដាខេត្តនានាជារៀងរាល់ថ្ងៃ។

អ្នកស្រី សុឃីម បានប្រាប់«ខ្មែរណាស់» ដូច្នេះថា« កូនប្រទាល ១ដើមខ្ញុំលក់ ៤០០០រៀល ធាងរបស់វា១គីឡូក្រាមខ្ញុំលក់បាន ៤០០០រៀលដូចគ្នា និងទឹកប្រទាលមួយដប ២៥០០រៀល ដោយជាមធ្យមខ្ញុំរកចំណូលបាន ១៥០ដុល្លារ ក្នុងមួយថ្ងៃ»។

អ្នកស្រី សុឃីម បន្តថា «អ្វីដែលជំរុញឲ្យខ្ញុំដាំប្រទាលនេះ គឺដោយសារបងស្រីខ្ញុំគាត់ឈឺក្រពះ ហើយបានហូបប្រទាលនឹងទៅក៏លែងឈឺ ទើបខ្ញុំមានគំនិតមួយចង់ដាំវា ព្រោះវាជាថ្នាំដែលអាចព្យាបាលជំងឺ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពយើង។ ខ្ញុំក៏បានបំបែកកូនដាំជាបន្តបន្ទាប់ និងមានអ្នកមកទិញជារៀងរាល់ថ្ងៃ»។
បើតាមអ្នកស្រី ឡុង សុឃីម ដើម្បីដំាប្រទាលកន្ទុយក្រពើទទួលបានផលល្អ ត្រូវរកពូជដើមធំៗ និងយកដីខ្សាច់ ឬដីមាត់ស្ទឹង ដាំទើបមានសាច់ច្រើន និងណែនល្អ មិនត្រូវយកដីស្អិតដាំនោះទេ។

អ្នកស្រី ឡុង សុឃីម បានសំណូមពរដល់ពលរដ្ឋខ្មែរទាំងអស់ នៅភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងជួយគាំទ្រផលិផលខ្មែរ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងនាំគ្នាដាំប្រទាលកន្ទុយក្រពើឲ្យបានគ្រប់ៗផ្ទះ ព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់៕
ព័ត៌មានបន្ថែមអាចទំនាក់ទំនងអ្នកស្រី ឡុង សុឃីម៖ ០៩២ ៥៣ ២១ ១៥/០៧៧ ៨១ ៤៦ ៨២។
ដោយ៖ ញឹក សំអូន


- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022