បន្ទាប់ពីសិក្សារយៈពេលកន្លះឆ្នាំ ក្រុមហ៊ុន MIZUDA របស់ចិននឹងបង្កើតរោងចក្រដុតសំរាមកែឆ្នៃប្រមាណ២១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីផលិត និងផ្គត់ផ្គង់ថាមពលអគ្គីសនីជាង៧៥ម៉ឺន គីឡូវ៉ាត់នៅខេត្តសៀមរាម។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ថា រោងចក្រដុតសំរាមនេះ នឹងប្រែក្លាយជាឧបករណ៍ការពារបរិស្ថានដំបូងគេនៅកម្ពុជា ដែលអាចដុតសំរាមប្រមាណជាង២១ ម៉ឺនតោនក្នុងមួយឆ្នាំ និងផលិតអគ្គីសនីបានប្រមាណជាង ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោងក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ ស្មើ១០ ភាគរយនៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាប។ ទោះយ៉ាងណា គេហទំព័រសារព័ត៌មានខ្មែរណាស់ មិនអាចទាក់ទងរដ្ឋបាលខេត្តសៀមរាប ដើម្បីឆ្លើយតបអំពីកាលបរិច្ឆេទនៃការសាងសង់រោងចក្រនេះ បាននៅឡើយទេ នៅថ្ងៃទី ២២ ខែកក្កដា។

បច្ចុប្បន្ន ក្រុងសៀមរាប មានសំរាមជាង៤៨០ តោនក្នុងមួយថ្ងៃ ខណៈការប៉ាន់ស្មាននៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោន និងឆ្នាំ២០៣៥ សំរាមក្នុងក្រុងសៀមរាប អាចកើនដល់ជាង១០០០តោន៕