តាកែវ៖ សម្តេច ហ៊ុន សែន ជំរុញអោយក្រសួងពាក់ព័ន្ធពន្លឿនសាងសង់ប្រឡាយធារាសាស្រ្តបន្ថែម ដើម្បីផ្គត់ផ្គង់ទឹក ក្នុងការស្រោចស្រពលើផ្ទៃដីកសិកម្មដល់ប្រជាកសិករ ដើម្បីបង្កើនល្បឿនក្នុងការផលិតស្រូវនៅកម្ពុជា ។ សម្តេចថ្លែងទៅកាន់កសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រឹកថ្ងៃទី២១ ខែកក្កដា ថា ក្នុងការវិនិយោគទៅលើវិស័យកសិកម្ម ទឹកគឺជាចំណុច ដែលសំខាន់បំផុត មុននឹងយើងសម្លឹងទៅរកបញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ។

សម្តេច ហ៊ុន សែន ប្រាប់ឲ្យក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំកញ្ចប់ថវិការដើម្បីបម្រើដល់វិស័យកសិកម្ម ដូចជា ទិញម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក ថាមពលអគ្គិសនី និងសម្ភារផ្សេងទៀតដែលជាជំនួយដល់វិស័យកសិកម្ម ជូនប្រជាកសិករ ដើម្បីជាការលើកទឹកចិត្ត ក្នុងការពន្លឿន និងអភិវឌ្ឍន៍លើវិស័យកសិកម្មនៅកម្ពុជា ។

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ កម្ពុជា បាននាំចេញស្រូវទៅក្រៅប្រទេសប្រមាណ ១លានតោន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច ហ៊ុន សែន៕