ក្រសួងធនធានទឹក បានដឹកនាំកម្លាំងចុះបូមទឹកសង្រ្គោះស្រូវពលរដ្ឋជាង៥០០ ហិកតាស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាម កាលពីថ្ងៃទី១៧ ខែកក្កដា។

លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បញ្ចាក់ថា អ្នកជំនាញបានប្រើប្រាស់ម៉ាស៊ីនចំនួន ៤គ្រឿង ដើម្បីបូមទឹកសង្រ្គោះស្រូវជាង៥០០ ហិកតា ព្រមទាំងប្រើប្រាស់អ៊ិសស្កាវាទ័រចំនួន ៣គ្រឿងបន្ថែមទៀតដើម្បីកាយធ្វើជាប្រឡាយទឹក។

លោក បន្ដថា ស្រូវចាប់ផ្ដើមខ្វះទឹកស្រោចស្រប់កាលថ្ងៃទី១៤ ខែកក្កដាមកម្លេះ ហើយត្រូវបញ្ចូលទឹករយៈពេលមួយសប្ដាហ៍ ទើបអាចជួយសង្គ្រោះឲ្យល្អប្រសើរឡើងវិញ។ ប្រភពទឹកដែលបូមដាក់ស្រែទាំងនោះបានមកពីស្ទឹងស្រែង ខេត្តឧត្តមានជ័យ ដែលមានចម្ងាយប្រមាណ៤០ គីឡូ។

លោក ស្រឹប សារៀម តំណាសហគមន៍ប្រើប្រាស់ទឹកស្ពានស្រែង ត្រពាំងអំបិល ស្រុកក្រឡាញ់ខេត្ដសៀមរាប លើកឡើងថា បើសិនគ្មានការអន្ដរាគមន៍ពីក្រសួង និងមន្ទីរធនធានទឹកនោះទេ ស្រូវរបស់ប្រជាកសិករអាចនឹងខូចខាតព្រោះមិនមានភ្លៀងធ្លាក់ស្រោចស្រប់គ្រប់គ្រាន់៕