សហគមន៍ជនជាតិដើមភាគតិច ស្នើឲ្យក្រសួង ឬអង្គការពាក់ព័ន្ធ ចូលរួមគាំទ្រដល់ការ ការពារធនធានធម្មជាតិនៅជុំវិញភ្នំទុនតង់ ព្រមទាំងបង្កើតជាព្រៃសហគមន៍ដែលមានការទទួលស្គាល់ផ្លូវការ។

បើតាមអង្គការបញ្ជក់របស់ Bird Life កាលពីថ្ងៃទី១៥ ខែកក្កដា ថា ព្រៃសហគមន៍ភ្នំទុន តង់ ដែលមានផ្ទៃដីប្រមាណ២០០០ហិចតា ស្ថិតក្នុងស្រុកអណ្ដូងមាស និងស្រុកតាវែង ខេត្ត រតនគិរីកំពុងទទួលរងការគំរាមកំហែងកាប់ទន្ទ្រានដី កាប់ឈើ ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ។

កន្លងមក អង្គការ Bird Life បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងខណ្ឌរដ្ឋបាលព្រៃឈើ បានចុះផ្សព្វផ្សាយពីច្បាប់ព្រៃឈើដល់សហគមន៍ រៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការសហគមន៍ស្តីពីច្បាប់ព្រៃឈើ និងការបំពាក់ឧបករណ៍ GPS នៅពេលចុះល្បាត និងគាំទ្រដល់គណ:កម្មការចំនួន១០នាក់ដើម្បីចុះល្បាតការពារព្រៃ។

Bird Life ឲ្យដឹងថា តាមរយៈការចុះល្បាតតែងតែប្រទះឃើញប្រភេទសត្វកម្រដូច ខ្ទីង ខ្លាឃ្មុំ ក្ងោក ស្វាក្តាម កេងកងធំ និងសត្វជាច្រើនប្រភេទទៀត កំពុងរស់នៅអាស្រ័យព្រៃភ្នំទុនតង់៕