ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតកូវីដ-១៩ ចំនួន ១នាក់ ថែមទៀតដោយគិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។ ករណីវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរ បុរសខាងលើនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេស អារ៉ាប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០។ នេះជាការធ្វើតេស្តលើកទីបីរបស់ពួកគាត់ លើវត្ថុសំណាកហើយរកឃើញលទ្ឋផល វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១នាក់ ដោយលើកទីមួយ រកឃើញចំនួន ១៥នាក់ និងលើកទីពីររកឃើញចំនួន ៩នាក់។ បច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី ១០ ខែកក្កដា កន្លងទៅនេះ មានពលរដ្ឋខ្មែរចំនួន ៩៤នាក់ បានធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ហើយបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកកាន់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រសួងនៅតែអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើបញ្ហាជំងឺកូវីដ-១៩នេះ៕