អាល្លឺម៉ង់ ប្រកាសផ្ដល់ថវិកាចំនួន ១លានអឺរ៉ូ ត្រូវនឹង(១,១៣០,០០០ ដុល្លារ) ដើម្បីគាំទ្របច្ចេកទេសដល់កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ នេះបើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកក្កដា។

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលើកឡើងថា«រដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិបត្តិសុខភាពយ៉ាងជោគជ័យ ដូច្នេះតាមរយៈការគាំទ្រដល់គ្រួសារក្រីក្រ កម្ពុជា បង្ហាញចំណាត់ការដ៏ត្រឹមត្រូវក្នុងការគាំពារផលប៉ះពាល់សេដ្ឋកិច្ច។ ប្រទេសអាល្លឺម៉ង់មានសេចក្តីរីករាយនឹងគាំទ្រកម្ពុជា ក្នុងកិច្ចការដ៏សំខាន់នេះ តាមរយៈជំនាញបច្ចេកទេសរបស់ខ្លួន»។

ស្ថានទូតបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្រ្តាលី កំពុងធ្វើការជាមួយក្រសួងផែនការតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ) រយៈពេលជាង១០ ឆ្នាំក្នុងការបង្កើត និងថែរក្សាប្រព័ន្ធកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងការផ្ទេរសាច់ប្រាក់សម្រាប់ប្រជាជនក្រីក្រ ដែលត្រូវបានបង្កើតឡើងដោយកម្ពុជានាពេលថ្មីៗនេះ។

បច្ចុប្បន្នពលរដ្ឋកម្ពុជាចំនួន ៥៦០.០០០គ្រួសារ ស្មើ ២,៣ លាននាក់ មានសិទ្ធិទទួលបានការផ្ទេរប្រាក់ថ្មីនេះ៕