ចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ឆ្នាំខែមិថុនា ឆ្នាំ២០២០ មានមនុស្សចំនួន៨៧ នាក់ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ នៅតំបន់ការពារធម្មជាតិ ខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ នេះបើតាមការឲ្យដឹងរបស់លោក នេត្រ ភក្រ្តា នៅថ្ងៃទី១៣ ខែកក្កដា។


លោក នេត្រ ភក្រ្តា បញ្ជាក់ថា រយៈពេល១៨ ខែចុងក្រោយ មន្ត្រីបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បានទប់ស្កាត់បទល្មើសទន្ទ្រានដីខុសច្បាប់ចំនួន១៧១ ករណី និងដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ ករណី ពិន័យអន្តរកាលចំនួន២៧៧ ករណី ចុះរុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ ដកហូតឈើជាង២ ពាន់ម៉ែត្រគូប រឹបអូសរណាយន្តចំនួនជិត២ពាន់គ្រឿង ដោះអន្ទាក់បានជាង៣ ពាន់អន្ទាក់ ជួយសង្គ្រោះសត្វព្រៃរស់បានចំនួន៧៤៧ ក្បាល និងស្លាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តបានចំនួន១៦៩ គ្រឿង ត្រាក់ទ័រ និងរថយន្តប៊ុលដូហ្សែរចំនួន៤៣ គ្រឿង ម៉ូតូចំនួន១៧៣ គ្រឿង និងគោយន្តចំនួន២៧១គ្រឿង ព្រមទាំងបញ្ជូនជនល្មើសចំនួន៨៧ នាក់ទៅកាន់តុលាការ។

លោក បន្តថា តំបន់អភិរក្សត្រូវបានការពារយ៉ាងល្អប្រសើរ ហើយបទល្មើសព្រៃឈើ និងបរបាញ់សត្វព្រៃ និងបទល្មើសជាច្រើនទៀតបានថយចុះ។

បច្ចុប្បន្ន តំបន់ការពារធម្មជាតិចំនួន៦៩ កន្លែងត្រូវបានគ្រប់គ្រងក្រសួងបរិស្ថានដែលមានផ្ទៃដីចំនួន៧,៣ លានហិកតា៕