ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនរដូវប្រាំងនឹងកើតមានឡើងនៅក្នុងខែនេះ ពោលគឺចាប់ពីពាក់កណ្ដាលខែ រហូតដល់ចុងខែកក្កដា ទើបមានភ្លៀងធ្លាក់រាយប៉ាយ នៅទូទាំងប្រទេសឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០។

តាមការព្យាករណ៍ជាលក្ខណៈសកល និងតំបន់ បានបង្ហាញថា សម្ពាធខ្ពស់ បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ លក្ខណៈបែបនេះ ធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់មានដូចជា ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន មានកម្រិតបរិមាណទឹកភ្លៀកធ្លាក់ការថមថយចុះជាលំដាប់។

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវតាមរយៈសេចក្តីជូនដំណឹងឲ្យពលរដ្ឋត្រៀមស្តុកទឹកទុក ជាពិសេសប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឲ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល ចំពោះការប្រែប្រួលអាកាសធាតុនេះ។

បើតាមក្រសួងធនធានទឹក ចាប់ពីខែសីហា ខាងមុខ ភ្លៀងនឹងបន្តធ្លាក់ឡើងវិញ ក្នុងកម្រិតពីមធ្យមទៅច្រើន ហើយបណ្ដាខេត្តនៅតំបន់ទំនាបក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាបជាប់តំបន់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ត្រូវប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ៕

អត្ថបទ៖ ឈុំ ចន្ថា