ខេត្តបាត់ដំបង៖ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ចំនួន ៥១គីឡូក្រាម ត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងរកឃើញដកហូតនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២០​។

មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបឹងឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា ត្រីងៀត ពពុះ​សណ្ដែក​ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លើសពីនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនប្រក្រតីរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

សូមជម្រាបថា ផលិតផលទាំងនោះ មន្ទីរពាណិជ្ជកម្មខេត្ត បានទៅរក្សាទុកដើម្បីដុតកម្ទេចចោល តាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕