ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត ៤៣.២៥៣កញ្ចប់ ត្រូវជា ២២.០០១.០៥០សន្លឹក ដែលប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចនេះ នឹងប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍។ ដំណើរប្រព្រឹត្តទៅនៃការងារនេះ គ.ជ.ប ចាត់តាំងមន្ត្រីឱ្យតាមដាន ត្រួតពិនិត្យជាប្រចាំ ហើយក្នុងរយៈពេលនេះតំណាងគណបក្សនយោបាយពាក់ព័ន្ធ អ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មានក៏អាចចូលរួមតាមដាន និងសង្កេតមើលបានដែរ។

លោក ទេព នីថា បានបន្តថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ហើយក្នុងការបោះឆ្នោតអសកល គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ច្បាប់ពុំបានកំណត់ពីរយៈពេល ត្រូវរក្សាទុកមុនការបំផ្លាញចោលទេ។

លោកគូសបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោត ដែលប្រើប្រាស់ហើយ គឺជាការអនុវត្តតាមការកំណត់នៃច្បាប់ និងនីតិវិធីដែលកំណត់ដោយគ.ជ.ប។

សូមបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតនេះ ធ្វើឡើងជាលើកទី៤ហើយ។ កាលលើកទី១ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ លើកទី៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤៕