សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឲ្យម្ចាស់អាគារទាំងអស់ បញ្ចុះតម្លៃជួល ដល់គ្រឹះស្ថានសិក្សា ដែលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩នៅថ្ងៃទី២៤ ខែមិថុនា សម្ដេច ហ៊ុន សែន លើកឡើងថា៖«ដើម្បីកុំឲ្យខាតបង់ក្នុងកាលទេសៈជំងឺកូវីដនេះ សូមម្ចាស់អាគារទាំងអស់ ផ្ដល់នូវការយោគយល់កាត់បន្ថយតម្លៃជួលដល់គ្រឹះស្ថានសិក្សាឯកជន»។

ជាមួយគ្នានេះ សម្ដេច បានស្នើដល់ធានាគារជាតិកម្ពុជា សហការជាមួយធានាគារឯកជនឲ្យរៀបចំប្រព័ន្ធឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជនអាចកម្ចីប្រាក់ក្នុងទំហំធំ ដើម្បីស្ដាប្រព័ន្ធសិក្សាតាម Online៕