ខេត្តតាកែវ៖ មន្ត្រីជំនាញខេត្តតាកែវ បានចុះត្រួតពិនិត្យការនាំចូលបន្លែពីបរទេសមកកម្ពុជា នៅតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដឹន ក្នុងនោះ រកឃើញបន្លែ ដែលមានសារធាតុគីមីចំនួន ៤តោន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបន្លែ ដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន ខ្ញីចំនួន ១ តោន ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម ស្ពៃគួយឡេងចំនួន ២ តោន។

បន្ទាប់ពីរកឃើញបន្លែផ្ទុកសារធាតុគីមីទាំងនេះ មន្រ្តីសាខា ក.ប.ប ខេត្តតាកែវបានធ្វើកំណត់ហេតុ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យា បញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើណា ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕

អត្ថបទ៖ មិនា