ត្រឹមរយៈពេល៥ ខែនៃឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារបរទេសចំនួន៣៥៦ ពាន់តោន។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា។

លោក ងិន ឆាយ លើកឡើងថា ក្នុងកាលៈទេសៈពិភពលោកប្រឈមនឹងជំងឺកូវីដ ១៩ ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើង ក្នុងនោះការនាំចេញទៅកាន់ប្រទេសចិនកើនឡើងដល់១៣៦ពាន់តោន ស្មើ២៥,៦% សហគមអឺរ៉ុបកើនឡើង១២២ ពាន់តោន ស្មើ៥៦% អាស៊ានចំនួន៤៥ ពាន់តោន ស្មើ៤៥,៣៦%​ និងបណ្ដាប្រទេសផ្សេងៗទៀតកើនឡើងជាង៧៩% បើធៀបនឹងរយៈពេល៥ ខែដូចគ្នាឆ្នាំ២០១៩។

លោក បញ្ជាក់ថា អំឡុងពេលកូវីដ១៩ ការកម្មង់អង្ករក្រអូបកម្ពុជាទៅបណ្ដាប្រទេស សហគមអឺរ៉ុបមានការកើនឡើង​ ខណៈកម្ពុជាសង្ឃឹមថាឆ្នាំ២០២០ អាចនាំចេញអង្ករក្នុងបរិមាណ១ លានតោន៕