ប្រធានអង្កភាពប្រឆាំអំពើពុករលួយ(ACU) លោក ឱម យិនទៀង បានផ្ញើលិខិតទៅ ប្រធាន​ស្ដីទីបរិស្ថានខេត្ត​ព្រះ​វិហារលោក សុង ចន្ទ័សុជាតិ នៅថ្ងៃទី៨មិថុនានេះ ឱ្យ​បំភ្លឺ​ជុំវិញរឿងមន្រ្តីបរិស្ថានម្នាក់ឈ្មោះ សោម រដ្ឋា និង​សហ​គមន៍ព្រៃឈើ បានឃុបឃិត​ជាមួយឈ្មួញរកស៊ីនិងអ្នកឈូសឆាយដីព្រៃដោយខុសច្បាប់។

អង្គភាពACUបានបញ្ជាក់តាមបណ្ដឹងដែលខ្លួនទទួលបាន គឺលោក សោម រដ្ឋា និងសហ​គមន៍​ព្រៃឈើ បាន​ទារ​លុយ​ពី​ឈ្មួញដឹកឈើនៅព្រៃឡង់ ក្នុងមួយគោយន្ត​ពី៨ម៉ឺន​រៀល​ទៅដល់១០ម៉ឺនរៀល និងបាន​ត្រូវរ៉ូវជាមួយ​ឈ្មួញ​ធំម្នាក់​នៅភូមិពើក ឃុំពុទ្រា ស្រុក​ជ័យ​សែន ហើយប្រសិនបើគោយន្តមិនមែនជាអ្នកលក់ឈើឱ្យឈ្មោះ ឡេង គឺ​មិន​ឱ្យ​ដឹកឈើ​ចេញពីភូមិពើក និងទោះបីបានបង់លុយចេញពីក្នុងព្រៃ ក៏មន្រ្តីបរិស្ថាននៅ​តែ​ចា​ប់​ឱ្យ​បង់​លុយ​១០​ម៉ឺន​រៀលដែរ។

លិខិតបន្តថា បុគ្គលឈ្មោះ ឡេង និងឈ្មោះ ឌី កំពុងបើកដៃឲ្យក្រុមគោយន្តចូលកាប់​ទន្ទាន​ព្រៃ​ឡង់​ដោយសេរី គោ​យន្តទាំងនោះចូលទៅក្នុងព្រៃអារឈើក្នុង១ ថ្ងៃ៣ ទៅ៥ ជើង ដោយមានមេក្លោងឈ្មោះ ឌី ឈ្មោះ រឿន ឈ្មោះ​ម៉េត និងយាយលែន ជាអ្នក​ប្រមូល​ទិញពីអ្នកស្រុកដែលចូលទៅអារជើងក្នុងព្រៃនៅជុំវិញភូមិទ្រា និងភូមិ​ពើក ដោយសហការជាមួយមន្រ្តីបរិស្ថាន សហគមន៍ព្រៃឈើ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល។

លិខិតដដែលបន្ថែមថាចំណែកបុគ្គលឈ្មោះ ឆាយ គឹមហាវ ដែលមានប្ដីជាមេព្រៃ កំពុងប្រើប្រាស់ឡានសាំយ៉ុង២ គ្រឿង និងឡានកង់១០ ចំនួន២គ្រឿង ដើម្បីជួញ​ឈើក្នុងតំបន់ព្រៃឡង់៕