
កម្ពុជា សម្រេចយកលុយពីជនបរទេសសម្រាប់ការធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុងលិខិតចុះថ្ងៃទី ៨ ខែមិថុនា បានដាក់សំណើរទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ស្នើសុំគោលការណ៍គិតថ្លៃសេវាសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។
ក្នុងលិខិតនេះ បានកំណត់តម្លៃដូចជា សម្រាប់អ្នកដំណើរជនបរទេសចូលមកកាន់កម្ពុជា អំឡុងពេលរងចាំយកសំណាកវិភាគរហូតដល់ចេញលទ្ធផលតេស្តជំងឺកូវីដ១៩ គឺអាចនឹងចំណាយខ្ទង់ ១៦៥ដុល្លារ ក្នុង១ថ្ងៃ។ ចំណែកអ្នកអវិជ្ជមាន ដែលរួមដំណើរជាមួយអ្នកវិជ្ជមាន ហើយត្រូវធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃនោះ អាចចំណាយប្រមាណ ១៨០ដុល្លារ ក្នុង១ថ្ងៃ។ រីឯអ្នកជំងឺកូវីដ១៩ ដែលមានវិជ្ជមាននៅមន្ទីរពេទ្យរដ្ឋ អាចចំណាយអស់ជាង ៣០០ដុល្លារ ក្នុង១ថ្ងៃ ហើយសម្រាប់អ្នកជំងឺស្លាប់ចំពោះការបូជាសព គឺត្រូវចំណាយអស់ ១៥០០ដុល្លារក្នុងម្នាក់។
ពាក់ព័ន្ធនឹងការចេញលិខិតបញ្ជាក់សុខភាពចំពោះជំងឺកូវីដ១៩ សម្រាប់ការធ្វើតេស្ត និងការចេញវិញ្ញាប័នបត្រ គឺអស់តម្លៃ ១៣០ដុល្លារ ក្នុង១នាក់ ក្នុងមួយដង។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងការចំណាយរបស់ជនបរទេសមកកាន់កម្ពុជា ត្រូវតែទូទាត់ដល់អ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។
ចំពោះកម្រៃពីសេវាដែលអង្គភាពរដ្ឋ (មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ដែលកំណត់ដោយក្រសួងសុខាភិបាល) ទទួលបានក្នុងក្របខណ្ឌនៃការងារនេះ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកជាគុណ ប្រយោជន៍ដើម្បី អភិវឌ្ឍអង្គភាពរបស់ខ្លួន។ ចំណែកគ្រូពេទ្យប្រចាំការនៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភពីកម្រៃសេវាខាងលើ មិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ឧបត្ថម្ភត្រួតគ្នា ជាមួយគោលការណ៍ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្តល់គោលការណ៍ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងការរីករាលដាល ជំងឺឆ្លងកូវីដ១៩។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួនម្នាក់ប៉ុណ្ណោះ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022