ភ្នំពេញ៖ ក្រសួងបរិស្ថានបានចុះពិនិត្យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ និងតំបន់អភិរក្សសត្វខ្សឹបក្នុងស្រុកស្ទោងខេត្ដកំពង់ធំ នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០។

សកម្មភាពនេះ ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ ១០ ខែមិថុនាឆ្នាំ២០២០។ នេះបើតាមការផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។

ការចុះត្រួតពិនិត្យរបស់ក្រសួងបរិស្ថានក្នុងខេត្តព្រះវិហារនឹងជួបពិភាក្សាជាមួយសហគមន៍មូលដ្ឋានដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គសត្វព្រៃសហគមន៍អេកូទេសចរណ៍ធម្មជាតិនិងតំបន់ការអភិរក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងបរិស្ថាន នឹងសិក្សាស្វែងយល់អំពីគម្រោងអភិរក្សសត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើការងារកសិកម្ម និងការងារអភិរក្សអាចអនុវត្តរួមគ្នាបានយ៉ាងដូចម្តេច ព្រោះសកម្មភាពទាំងនេះ បាននិងកំពុងអនុវត្តន៍រួមគ្នាជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែមដោយគម្រោងUSAIDព្រៃឡង់បៃតងដល់អង្គការសន្សំម្លប់ព្រៃ(SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែកការពារបរិស្ថានផងដែរ៕