សារព័ត៌មានខ្មែរណាស់ សូមដកស្រង់នូវអត្ថបទសុខភាពមួយមានចំណងជើងថា «អាហារដែលមិនគួរបរិភោគជាមួយនឹងទឹកឃ្មុំ និង របៀបពិនិត្យទឹកឃ្មុំមិនសុទ្ធ» ដែលរៀបរៀងដោយ បណ្ឌិត អ៊ី លីម៉ា (Y Lima) សកលវិទ្យាធិការរងនៃសកលវិទ្យាល័យចេនឡា និងជាបណ្ឌិតផ្នែកសុខភាពសាធារណៈ និងក្រុមការងារ យកមកចុះផ្សាយទាំងស្រុង។

ទឹកឃ្មុំត្រូវបានគេវាយតម្លៃថាជាអាហារសម្បូរដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍​យ៉ាងខ្លាំងចំពោះរាងកាយ ហើយថែមទាំងជាឱសថដ៏មានប្រសិទ្ធភាពក្នុងការថែរក្សាសុខភាព និងសម្រស់ទៀតផង។ ក្នុងទឹកឃ្មុំមានផ្ទុកនូវ​សារធាតុ​ប្រឆាំងមេរោគ (បាក់តេរី  វីរុស) និង ​ការ​រលាក។ ក្រៅពីនេះ ក្នុង​ទឹកឃ្មុំ​ក៏មាន​សារធាតុ​សំខាន់ៗ​ជាច្រើន​​ដូចជា វីតាមីនB2 វីតាមីនB6 ជាតិ​ដែក ជាតិ​ស័​ង្ក​សី និង​ជាតិ​សរសៃ​។ លើសពីនេះទៅទៀតទឹកឃ្មុំក៏អាចជួយពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ បំបាត់អការៈស្រវឹងស្រា ជួយជំរុញមេតាបូលីក ជួយជម្រុះកោសិកាចាស់ៗនៅលើផ្ទៃមុខ បំបាត់ស្លាកស្នាមលើស្បែក បំប៉នស្បែក និងបបូរមាត់កុំឱ្យស្ងួត ចម្រោះ​ជាតិពុល ព្យាបាលក្អក សម្រក​ទម្ងន់​ បំបាត់អការៈឈឺបំពង់ក ពង្រាវស្លេស្ម កាត់បន្ថយការឈឺចាប់ និង អាចព្យាបាលដំបៅក្រពះ ពោះវៀន បង្កើនការចងចាំ និង ជួយឱ្យគេងលក់ស្រួល ។ល។

បើទោះបីជាទឹកឃ្មុំមានផលប្រយោជន៍ដ៏មហិមាយ៉ាងណាក៏ដោយ ប៉ុន្តែបើយើងបរិភោគវាជាមួយនិងអាហារមិនបានត្រឹមត្រូវ នោះវានឹងប៉ះពាល់ដល់សុខភាពរបស់យើងទៅវិញ។ ម្យ៉ាងទៀត​ដោយសារតែទឹកឃ្មុំមានតម្លៃថ្លៃនៅលើទីផ្សា មិនថានៅទីក្រុង ឬជនបទនោះទេ​​ តែងតែមានការក្លែងបន្លំគុណភាពរបស់វា។ ក្នុងអត្ថបទមួយនេះ យើងខ្ញុំមិនបានរៀបរាប់លម្អិតអំពី​អត្ថប្រយោជន៍​របស់ទឹកឃ្មុំនោះទេ តែយើងនឹងបង្ហាញអ្នកអំពីអាហារចំនួន១០ប្រភេទដែលមិនគួរបរិភោគជាមួយទឹកឃ្មុំ និងវិធីសាស្រ្តដ៏ល្អទាំង១០យ៉ាងសម្រាប់ធ្វើតេស្ត​ បញ្ជាក់ឱ្យដឹងថាទឹកឃ្មុំនោះសុទ្ធ ឬមិនសុទ្ធ។

ក. អាហារទាំងឡាយដែលមិនគួរបរិភោគជាមួយទឹកឃ្មុំ

ទឹកឃ្មុំពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសម្រស់។ ប្រសិនបើយើងប្រើប្រាស់វាជាមួយ​អាហារមួយចំនួន នោះវាអាចធ្វើឱ្យអ្នកបរិភោគជួបប្រទះជាមួយនឹងបញ្ហាសុខភាពទៅវិញ។

តើអាហារអ្វីខ្លះដែលមិនគួរបរិភោគជាមួយនិងទឹកឃ្មុំ?

១. ខ្ទឹម(ខ្ទឹមបារាំង មើមខ្ទឹម)

ជារួមខ្ទឹមគ្រប់ប្រភេទមិនអាចលាយបញ្ចូលគ្នាជាមួយទឹកឃ្មុំបានជាដាច់ខាត។ កាលណាយើងបរិភោគអាហារទាំងពីរនេះជាមួយគ្នា នោះវានឹងធ្វើឱ្យអាស៊ីតសរីរាង្គ អង់ហ្ស៊ីម ដែលមានក្នុងទឹកឃ្មុំធ្វើប្រតិកម្មគីមីជាមួយអាស៊ីតអាមីណេ និងផូស្វ័រក្នុងខ្ទឹម ​ដែលជាហេតុបង្កទៅជាសារធាតុមិនល្អប៉ះពាល់ទៅដល់សុខភាព នាំឱ្យរាករូស និង​រលាកក្រពះជាដើម ។

២. ត្រីកាបសាមញ្ញ ឬ ត្រីកាបកំប៉ោង

ត្រីប្រភេទនេះនិងទឹកឃ្មុំគឺជាអាហារ២ប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចគ្នា។ ដូច្នេះបើអាចគួរតែកុំបរិភោគអាហារទាំង២ប្រភេទនេះជាមួយគ្នា។ ព្រោះវាបង្កឱ្យមានប្រតិកម្មគីមីក្នុងរាងកាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព​ដូចជា ពុល និងរាករូសជាដើម ។

៤. ដើម Anethum Graveolens

ជាទូទៅហាមប្រើប្រាស់ទឹកឃ្មុំជាមួយនិងបន្លែប្រភេទនេះ ព្រោះវាអាចធ្វើឱ្យអ្នកបរិភោគជួបប្រទះនិងបញ្ហាផ្សេងៗដូចជា៖ ហើមភ្នែក  ក្រហមភ្នែក និងប៉ះពាល់ទៅដល់ថ្លើមជាដើម ។ គ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺ អាចធ្វើឱ្យបេះដូង  ថ្លើម  សួត និងសរីរាង្គខាងក្នុង  ហើម  និង រលាក ។

៥. ដើមគូឆាយ តាមទំនៀមទំលាប់ពីបុរាណកាលណាក្មេងៗក្អក គឺពួកគាត់តែងតែយកគូឆាយលាយជាមួយនិងទឹកឃ្មុំ ដើម្បីធ្វើជាឱសថព្យាបាលអាការៈក្អក រលាកបំពង់កជាដើម។ ទស្សនៈទាំងនេះមានលក្ខណះមិនត្រូវទាំងស្រុងនោះទេ ព្រោះថានៅក្នុងគូឆាយសម្បូរទៅដោយបរិមាណវីតាមីនC ដែលអាចធ្វើឱ្យទឹកឃ្មុំបាត់បង់​ប្រសិទ្ធភាព។ម្យ៉ាងទៀតទឹកឃ្មុំអាចជួយឱ្យយើងបន្ទោរបង់ស្រួល ហើយក្នុងគូឆាយសម្បូរទៅដោយសារជាតិសរសៃ។ ដូច្នេះប្រសិនបើយើងបរិភោគវាជាមួយទឹកឃ្មុំ អាចធ្វើឱ្យយើងរាករូស និងឈឺក្រពះ។

៦. តៅហ៊ូ ឬ បង្អែមតៅហ៊ូ

តៅហ៊ូមានផ្ទុកនូវសារធាតុរ៉ែ ប្រូតេអ៊ីនជាច្រើន ដែលអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយ និងឆ្អឹងរបស់យើងកាន់តែរឹងមាំ ហើយលើសពីនេះទៅទៀតវាមិនត្រឹមតែល្អចំពោះខួរក្បាលទេ ថែមទាំងធ្វើឱ្យសរសៃឈាមយើងមានដំណើរការបានល្អទៀតផង។ ក៏ប៉ុន្តែប្រសិនបើយើងបរិភោគវាជាមួយទឹកឃ្មុំ វាអាចនឹងបង្កើតបានជាប្រតិកម្មគីមី ដែលមានផលមិនល្អចំពោះសុខភាព។

៧. ទឹកក្តៅ

យើងដឹងហើយថាការបរិភោគទឹកក្តៅនៅពេលព្រឹកព្រលឹម គឺវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព។ ប៉ុន្តែប្រសិនបើយើងដាក់ទឹកឃ្មុំចូលទៅក្នុងទឹកកំពុងពុះ ឬក្តៅខ្លាំង វាអាចបំផ្លាញសារធាតុចិញ្ចឹមផ្សេងៗ ​ក៏ដូចជា អង់ហ្ស៊ីម វីតាមីន និងសារធាតុរ៉ែជាដើម ដែលជាហេតុធ្វើឱ្យមានការផ្លាស់ប្តូរ រសជាតិ(ផ្អែមទៅជាជូរ) និងសារធាតុដើមរបស់វា។ ដូច្នេះយើងគួរតែលាយទឹកឃ្មុំជាមួយនិងទឹកក្តៅឧណ្ឌៗ (កម្តៅក្រោម៣៥0C)។

៨. បាយ

ទឹកឃ្មុំគឺជាអាហារសម្បូរទៅដោយសារធាតុតិចិញ្ចឹមផ្សេងៗ ដែលមានផលប្រយោជន៍យ៉ាងច្រើនចំពោះរាងកាយ។ ក្នុងទឹកឃ្មុំ១០០ក្រាម មានផ្ទុកនូវ គ្លុយស៊ីត ៨១,៣% ។ ដូច្នេះបើយើងបរិភោគបាយជាមួយទឹកឃ្មុំ គឺអាចធ្វើឱ្យយើងឆ្អល់ពោះ និងឈឺក្រពះ។ គួរបរិភោគទឹកឃ្មុំមុន ឬក្រោយបរិភោគបាយឱ្យបានយ៉ាងតិច ៣០នាទី។

៩. ក្តាម

សារធាតុសំខាន់ៗក្នុងសាច់ក្តាមមាន ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុរ៉ែផ្សេងៗ និងសំបូរទៅដោយខ្លាញ់ និងអូមេហ្គា៦។ ពេលបរិភោគជាមួយទឹកឃ្មុំ វាអាចធ្វើឱ្យប៉ះពាល់ទៅដល់ក្រពះ និងពោះវៀន។

១០. មិនត្រូវដាក់ទឹកឃ្មុំក្នុងដប(កែវ)ដែក ឬ អ៊ីណុក

ទឹកឃ្មុំមានលក្ខណៈជាអាស៊ីត នៅពេលដែលវាប៉ះជាមួយនិងលោហៈធាតុ វាបង្កើតឱ្យមានប្រតិកម្មគីមីដែលអាចធ្វើឱ្យសារធាតុដែក ស្ពាន់ និងស័ង្កសី ជ្រាបចូលក្នុងទឹកឃ្មុំ ដែលជាហេតុធ្វើឱ្យគុណភាពនៃទឹកឃ្មុំមានការថយចុះ និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះយើងគួរតែដាក់វាក្នុងដបថ្ម ឬដបជ័រ។

ខ. វិធីសាស្រ្តក្នុងការពិនិត្យមើលគុណភាពទឹកឃ្មុំ

ពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ទឹកឃ្មុំ តែងតែមានក្តីបារម្មណ៍អំពីគុណភាពរបស់វា។ ពេលនេះយើងខ្ញុំសូមធ្វើការចែករំលែកនូវវិធីសាស្រ្តងាយៗទាំង១០យ៉ាង ដើម្បីជួយអ្នកទាំងអស់គ្នាឱ្យដឹងបានច្បាស់លាស់ និងត្រឹមត្រូវ​ថា ទឹកឃ្មុំនោះសុទ្ធ ឬមិនសុទ្ធ ។

១. តាមរយៈការហិតក្លិន

ដូចយើងដឹងហើយថាទឹកឃ្មុំបានមកពីសត្វឃ្មុំទៅក្រេបពីលម្អងផ្កាជាច្រើន។ ដូច្នេះគ្រាន់តែយើងយកទឹកឃ្មុំដែលលក់នៅលើទីផ្សារយកមកហិត ក៏អាចជួយយើងបានមួយភាគធំដែរ។ ប្រសិន​បើទឹកឃ្មុំនោះមានក្លិន​ក្រអូប (ក្លិនលម្អងផ្កា) នោះវាជាទឹកឃ្មុំសុទ្ធ។ ផ្ទុយទៅវិញប្រសិនបើមិនមានក្លិនក្រអូប​នោះទេ វាជាទឹកឃ្មុំមិនសុទ្ធ។

២. ការប្រើប្រាស់ជញ្ជីង

តើអ្នកទាំងអស់គ្នាធ្លាប់ដឹងពីទម្ងន់របស់ទឹកឃ្មុំដែរឬទេ?

ជាទូទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ទឹកឃ្មុំសុទ្ធមួយលីត្រមានទម្ងន់ចន្លោះពី ១,៣៥គ.ក ដល់ ១,៤គ.ក ។ ដូច្នេះមុនពេលទិញយើងគួរយកទឹកឃ្មុំនោះទៅថ្លឹងសិន។

  • ប្រសិនបើទម្ងន់របស់វានៅក្នុងចន្លោះតម្លៃខាងលើ (ទឹកឃ្មុំសុទ្ធ)
  • ប្រសិនបើទម្ងន់របស់វានៅក្រោម ១,៣៥គ.ក (ទឹកឃ្មុំមិនសុទ្ធ)

៣. ដាក់ទឹកឃ្មុំលើបាតដៃ

ប្រសិនបើទឹកឃ្មុំសុទ្ធវាមានលក្ខណះ ស្អិតចាប់ជាប់គ្នា អន្ធិលៗ រអិល និងក្តៅៗលើដៃ។ ចំណែកឯទឹកឃ្មុំមិនសុទ្ធមានលក្ខណះស្អិតរមួត ស្អិតជាប់ដៃ ​តែទឹកវាដាច់ៗពីគ្នា និងក្តៅៗ ។

៤. ប្រើប្រាស់ក្រដាសអនាម័យ

យកក្រដាសអនាម័យមួយសន្លឹកមក រួចយើងបន្តក់ទឹកឃ្មុំ១ ឬ ២តំណក់នៅលើក្រដាសនោះ។

  • ប្រសិនបើទឹកឃ្មុំនោះវាជ្រាបចូលទៅក្នុងក្រដាសអនាម័យ នោះគឺជាទឹកឃ្មុំមិនសុទ្ធ។
  • ប្រសិនបើវាមិនជា្របចូលទៅក្នុងក្រដាសអនាម័យ នោះវាគឺជាទឹកឃ្មុំសុទ្ធ។

៥. ប្រើប្រាស់ដប

ដូចយើងបានដឹងហើយថាទឹកឃ្មុំសុទ្ធប្រាកដមានលក្ខណះពិសេសមួយ គឺវាឡើងពពុះនៅពេលរងកំលាំងសង្កត់ ឬក្រឡុក។ ដូច្នេះយើងអាចច្រកទឹកឃ្មុំចូលក្នុងដបបិទឆ្នុកឱ្យជិតរួចក្រឡុកវារយះពេល១នាទី។ ប្រសិន​បើទឹកឃ្មុំនោះសុទ្ធ គឺវាមានឡើងពពុះច្រើន។ បើមានពពុះតិច ឬមិនមានពពុះសោះ នោះវាគឺជាទឹកឃ្មុំមិនសុទ្ធ។

ចំណាំ: ប្រសិនបើទឹកឃ្មុំនោះមានផ្ទុកនូវក្រមួនច្រើន វាមិនមានពពុះច្រើននោះទេ។

៦. ប្រើប្រាស់ស្លឹកខ្ទឹមស្រស់

យើងប្រើស្លឹកខ្ទឹមចំនួន៣-៤សន្លឹក ដាក់ចូលក្នុងទឹកឃ្មុំក្នុងរយះពេល១៥នាទី។ ប្រសិនបើខាងចុងស្លឹកខ្ទឹមស្រពោន នោះជាទឹកឃ្មុំសុទ្ធ។ ផ្ទុយមកវិញប្រសិនបើនៅធម្មតា នោះវាជាទឹកឃ្មុំមិនសុទ្ធ។

៧. ប្រើផ្នែកក្រហមនៃស៊ុត

ស្រដៀងគ្នាជាមួយនិងស្លឹកខ្ទឹមដែរ យើងអាចប្រើប្រាស់ផ្នែកក្រហមនៃស៊ុតយកមកត្រាំជាមួយទឹកឃ្មុំរយៈពេល១៥នាទី។ បន្ទាប់មកពិនិត្យមើលនៅលើផ្នែកដែលប៉ះជាមួយទឹកឃ្មុំនោះវានឹងស្លោករឹង។ យើងក៏អាចធ្វើការក្រឡុកស៊ុតនោះរួចចាំចាក់ទឹកឃ្មុំចូលក៏បានដែរ។

៨. ការមើល និងភ្លក់

(យកចង្កឹះ ឬ ស្លាបព្រាមកកូរឱ្យសព្វបន្ទាប់មកពិនិត្យមើលលក្ខណៈរបស់ទឹកឃ្មុំ)

  • ប្រសិនបើទឹកឃ្មុំសុទ្ធ នោះវានឹងមានលក្ខណៈ ​ហ្មត់ ទន់ថ្លា ​និងផ្អែម។ ពេលដាក់ចូលក្នុងមាត់ វារលាយយ៉ាងលឿន។
  • ប្រសិនបើវាមិនសុទ្ធ នោះវាមានលក្ខណៈរឹង ហើយពេលដាក់ចូលក្នុងមាត់វារលាយយឺតៗ ។

៩. ប្រើប្រាស់កែវមានទឹក

យើងចាក់ទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលក្នុងកែវដែលមានផ្ទុកទឹកស្អាត។ ប្រសិនបើវារលាយលឿននោះទឹកឃ្មុំមានលាយជាតិស្ករ។ ផ្ទុយទៅវិញប្រសិនបើវាជាទឹកឃ្មុំសុទ្ធ នោះវាមិនរលាយចូលក្នុងទឹកទេ (វាចាប់គ្នាជា​ បណ្តុំតូចៗ)។

១០. ប្រើប្រាស់ទូរទឹកកក

ដាក់ទឹកឃ្មុំចូលក្នុងទូរទឹកកកក្នុងសីតុណ្ហភាព ២០0C រយះពេល ២-៣ម៉ោង ។ បន្ទាប់មកយកវាចេញមកក្រៅដើម្បីត្រួតពិនិត្យទឹកឃ្មុំនោះ ។

ប្រសិនបើទឹកឃ្មុំនោះរឹងដូចទឹកកកបញ្ជាក់ថាវាមានផ្ទុកជាតិស្ករ ៥០%-១00% ។ ប្រសិន​បើទឹកឃ្មុំនោះកក​ខ្លះៗ ​នោះវាមានលាយជាតិស្ករ៥០% (ដោយសារពេលចិញ្ចឹមគេឱ្យសត្វឃ្មុំបឺតជាតិស្ករ ឬបាញ់ស្ករបញ្ចូលក្នុងក្បាលទឹកមុនពេលយកមកលក់)។

ចំណាំ៖ ក្នុងបណ្តាវិធីសាស្រ្តខាងលើសុទ្ធតែអាចបញ្ជាក់ពីគុណភាពរបស់ទឹកឃ្មុំបានដូចៗគ្នា។ ប៉ុន្តែយើងគួរតែប្រើប្រាស់យ៉ាងតិចអោយបាន២វិធីសាស្រ្ត ដើម្បីផ្ទៀងផ្ទាត់ឱ្យកាន់តែច្បាស់ ៕

រៀបរៀងដោយបណ្ឌិត  អ៊ី លីម៉ា និង ក្រុមការងាររបស់សាកលវិទ្យាល័យចេនឡា