សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បញ្ជាឲ្យអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យតាម ភោជនីយដ្ឋាន ផ្សារ និងកន្លែងទីប្រជុំជននានាឲ្យបន្តអនុវត្តអនាម័យជាប្រចាំ។

សម្ដេចលើកឡើងថា សូមអាជ្ញាធរ និងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តអនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងជែលលាងដៃសម្រាប់អតិថិជន។ពិសេសនៅតាម គ្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់។

ជាមួយគ្នានេះ សម្ដេច បន្តរម្លឹក ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ ព្រោះជំងឺនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយ។

បច្ចុប្បន្នស្ថានភាពជំងឺកូវីដ ១៩នៅកម្ពុជាមានការថមថយ ដោយអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ នាក់ និងជាសះស្បើយកើនដល់១២៣នាក់៕