អគ្គស្នងការនគរបាលជាតិបានបញ្ជាក់នៅថ្ងៃទី៥មិថុនានេះថា ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹង​រួម​មាន​ ១​ ឈ្មោះ​ ឈុ​ន​ សុមេធា​ ភេទ​ប្រុស​ មុខរបរ​ កងរាជអាវុធហត្ថ​ខេត្តតាកែវ​ ដែល​មាន​ឋានន្តរស័ក្តិ​ វរសេនីយ៍ត្រី​ ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​ រស់នៅ​ក្នុង​ ភូមិ​កំពង់ហ្លួង​ ឃុំ​អង្គរ​បូ​រី​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ ។​ចំណែកជនសង្ស័យទី២​ ឈ្មោះ​ កេ​ន​ ចាន់​រី​ ភេទ​ស្រី​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ក្នុង​ ភូមិ​អង្គ​តា​កុប​ ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ។

កាលពីថ្ងៃទី៤មិថុនា កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​លោក​ សឿ​ន​ មុន្នី​រ័​ត្ន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ជីវ​ ចាន់​តារា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ បាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​ពីរ​ទីតាំងស្ថិត​នៅ​ត្រង់​ចំណុច​ មូលដ្ឋាន​ស្រុក​អង្គរ​បូ​រី​ និង​ស្រុក​ត្រាំកក់​ ក្នុង​ខេត្តតាកែវ​​ រួច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​នេះ រួម​និង​គ្រឿងញៀន​ជិត​ ២​គីឡូក្រាម​ និង​កញ្ឆា​ក្រៀម​ ចំនួន​០២​បេ​ ។​

ចំណែកវត្ថុ​តាងដែលរឹបបាន​រួម​មាន​ អាវុធ​ខ្លី​ចំនួន​០២​ដើម​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង​ គ្រឿងញៀន​ជិត​ ០២​គីឡូ​ និង​រុក្ខជាតិ​ញៀន​(​កញ្ឆា​)​ក្រៀម​ចំនួន​០២​បេ​ ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង​ ស្លាក​លេខ​ម៉ូតូ​ចំនួន​ ០៣​ផ្លា​ក​ និង​កាត​គ្រី​ម៉ូតូ​ចំនួន​ ០២​សន្លឹក​ ។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ នាំ​ខ្លួន​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕