ភ្នំពេញ៖ កម្ពុជា បានទទួលជំនួយឥតសំណងបន្តទៀតពីរដ្ឋាភិបាល និងប្រជាជនចិន នូវគ្រឿងវេជ្ជសាស្រ្តពេទ្យចំនួន ៦មុខ គិតជាទឹកប្រាក់ប្រមាណ ២,៥លានដុល្លារអាមេរិក កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ជំនួយនេះ បញ្ជាក់ពីចំណងមិត្តភាពដែកថែប សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជា-ចិន បាននឹងកំពុងកាន់ដៃគ្នា ប្រកៀកស្មា ឈរយ៉ាងរឹងមាំក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបន្តនិរន្តរភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

សូមបញ្ជាក់ថា ជំនួយឥតសំណង ដែលភាគីចិនផ្តល់ជូនកម្ពុជានេះ មានដូចជា៖

​ ១.កញ្ចប់តេស្តរកវីរុសកូវីត១៩ ចំនួន ៥០. ០១៦ តេស្ត

២.អាវអៀមគ្រប ចំនួន ៣០.០០០ អាវ

៣.ម៉ាស់ N95 ចំនួន ៣០. ០០០ សន្លឹក

៤.ម៉ាស់វះកាត់ ចំនួន ១.៥០០.០០០ សន្លឹក

៥.វ៉ែនតាសុវត្ថិភាព ចំនួន ៣០.០០០

៦.ទែរម៉ូម៉ែត្រ អិនហ្រ្វារ៉េត ចំនួន ២០០៕