ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិ សម្រាប់អនុវត្តន៍ចំពោះអាជីវកម្មទេសចរណ៍ចំនួន៤ ក្នុងដំណាក់កាលក្រោយកូវីដ១៩ អាចនឹងត្រូវប្រឈមការព្យួរអាជ្ញាប័ណ្ណ ប្រសិនបើមិនគោរពតាមលក្ខខណ្ឌរបស់ក្រសួង ដែលបានកំណត់។ បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ វិធានការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០៥ ខែមិថុនា។

លោក ថោង ខុន បានបង្ហាញពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មានដូចជា  អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក  អាជីវកម្មរមណីយដ្ឋានទេសចរណ៍សហគមន៍ទេសចរណ៍។

លោករដ្ឋមន្រ្តី ថោង ខុន បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការនេះ ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ។

ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះ មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌមួយចំនួនតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។

ក្នុងករណីដែលអាជីវកម្មសេវាកម្មទេសចរណ៍ បានបំពេញនូវលក្ខខណ្ឌបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួនទៀត នឹងទទួលបាននូវប័ណ្ណបញ្ជាក់ និងលិខិតសរសើរ ដែលទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍ ហើយអាចបិទបង្ហាញផ្សព្វផ្សាយជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍៕