ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៥ខែដំបូងនេះ។ តួលេខបង្ហាញថា កម្ពុជាធ្លាក់ចុះចំណូលជាង៦៤ភាគរយ ខណៈកូវីដ១៩កំពុងរាតត្បាត ជុំវិញពិភពលោក។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ក្នុងរបាយការណ៍ចុះថ្ងៃទី១ មិថុនាថា ក្នុងរយៈពេល៥ខែនេះ មានភ្ញៀវបរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ ធ្លាក់ចុះ៦៥.៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ ទទួលបានចំនួន១៨,០២១,៣៣៦ដុល្លារ ធ្លាក់ចុះ៦៤.១៨ភាគរយដែរ។

ដោយឡែកចំណូលជាង១៨លានដុល្លារនេះ ក៏ត្រូវចំណាយជាង៧៧ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃផងដែរ។នេះបើតាមគ្រឹះស្ថានអង្គរ។