
កាលពីថ្ងៃសុក្រម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូថេរេស (Antonio Guterres) បានប្រកាសថា កងកម្លាំងថែរក្សាសន្តិភាព២នាក់ដំបូងគេរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានស្លាប់បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។
លោកបានប្រកាសនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិថា ទាហានមួកខៀវទាំងពីរនាក់នោះ គឺបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ដែលម្នាក់មកពីប្រទេសកម្ពុជានិងម្នាក់ទៀតមកពីEl Salvador។
លោក ហ្គូថេរេស បាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានផ្លាស់ប្តូរស្ទើរតែគ្រប់យ៉ាង ប៉ុន្តែមិនបានផ្លាស់ប្ដូរចំពោះការបំរើនិងការលះបង់របស់កងកម្លាំងរក្សាសន្ដិភាពបុរសនិងស្ត្រីជាង៩៥.០០០នាក់ ដែលកំពុងបម្រើក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១៣បេសកកម្មនៅជុំវិញពិភពលោកឡើយ។
នាយកដ្ឋានថែរក្សាសន្តិភាពUN បានរាយការណ៍ថា មានកងកម្លាំងរក្សាសន្ដិភាពចំនួន១៣៧នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយក្នុងនោះមានចំនួន៩០នាក់នៅក្នុងប្រទេសម៉ាលី មាន២១នាក់នៅក្នុងបេសកកម្មនៅកុងហ្គោ ១៧នាក់នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ៣នាក់នៅស៊ូដង់ខាងត្បូងនិងស៊ីប ហើយមួយករណីទៀតនៅប្រទេសលីបង់៕
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022