ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២៨ឧសភាថា រយៈពេល១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឈឺដោយសារជំងឺគ្រុនឈាមសរុបចំនួន២.១៧២ករណី ដោយព្រមានថា ជំងឺគ្រុនឈាមនឹងអាចបន្តកើនឡើងនៅតាមភូមិឃុំ និងទីប្រជុំជន នៃបណ្ដាខេត្តនានាក្នុងរដូវវស្សានេះ។

ក្រសួងបញ្ជាក់ថា សត្វមូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាម គឺចូលចិត្តបង្កើតកូនចៅនៅក្នុងសំបកកង់ឡាននិងសំបកកង់ម៉ូតូចាស់ៗ ច្រើនជាងវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងទៀត និងចូលចិត្តរស់នៅជិតមនុស្ស ហើយវាមិនអាចហើរលើសពីកន្លែងកើតចំនួន១៥០ម៉ែត្រឡើយ។

យោងតាមការសិក្សា ជំងឺគ្រុនឈាមក្នុងរដូវវស្សា គឺអាចកើនឡើងច្រើនជាង២ដង បើប្រៀបធៀបទៅនឹងរដូវប្រាំង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវឱ្យអាជ្ញាធរនិងពលរដ្ឋគ្រប់រូប ចូលរួមកាត់បន្ថយនិងទប់ស្កាត់ការកើតសត្វមូសខ្លា ដូចជាកម្ចាត់ដង្កូវទឹកនៅតាមកន្លែងដែលមានដក់ទឹក ដូចជា ពាង អាងទឹក ថូផ្កាជាដើម តាមរយៈផ្លាស់ប្ដូរទឹកនិងលាងសម្អាតឱ្យបានញឹកញាប់ និងការដាក់ថ្នាំសម្លាប់ដង្កូវទឹក។

ត្រូវធ្វើអនាម័យផ្ទះសម្បែង ផ្ទះត្រូវមានពន្លឺថ្ងៃចេញចូល រៀបចំទុកដាក់សំលៀកបំពាក់ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង សម្រាន្តក្នុងមុងទាំងថ្ងៃយប់ និងចៀសវាងអង្គុយនៅជិតទីងងឹង។

ក្នុងករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំង គឺត្រូវប្រញាប់ទៅពិនិត្យនៅមណ្ឌលសុខភាព ដោយមិនត្រូវទុកយឺតលើសពី៧២ម៉ោងឡើយ ហើយមិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯងឬដោយឯកជនដែលគ្មានសមត្ថភាពព្យាបាលនោះទេ ដោយសារជំងឺគ្រុនឈាមអាចសម្លាប់មនុស្សគ្រប់ពេល នៅពេលមិនទទួលបានការព្យាបាលឱ្យបានត្រឹមត្រូវ។

ក្រសួងបានស្នើឱ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវតែចាត់ចែងផ្ដល់សេវាព្យាបាលនិងកន្លែងសម្រាកព្យាបាលឱ្យបានល្អ ហើយត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផ្សេងទៀត បើហួសពីសមត្ថភាពព្យាបាលរបស់ខ្លួន៕