ក្រសួងបរិស្ថានបានប្រកាសច្រាលចោលការផ្សព្វផ្សាយព័ត៌មានដែលបានចោទប្រកាន់ថា អ្នកជិះរថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សម្លាប់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

ការប្រកាសច្រាលចោលនេះ គឺបន្ទាប់ពីការនិមន្តចូលបំភ្លឺពីព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរង ការចោទប្រកាន់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅក្រសួងបរិស្ថាន។ 

ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថា  មិនមានការបាញ់សត្វព្រៃនៅព្រៃសហគមន៍សង្ឃរុក្ខវ័នដូចការចោទប្រកាន់ឡើយ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យនិងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែលភ្ជាប់រថយន្ត ខ.ម និងសត្វទន្សោងដែលបានបាញ់ងាប់ចំនួន២ក្បាល គឺជាហេតុការណ៍ពីរផ្សេងគ្នា។ 

ព្រះអង្គព្រហ្ម ប៊ុនរិទ្ធ បានបន្តថា ដំបូងគឺជារឿងសង្ស័យ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។  

ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ បន្ថែមថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap បានចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គដោយបន្ថែមខ្លឹមសារខុសពីការពិត ហើយបានភ្ជាប់ជាមួយរូបសត្វទន្សោង២ក្បាលនោះ ដែលតាមពិតត្រូវបានគេបាញ់ងាប់នៅក្នុងខេត្តមណ្ឌលគិរី។

ព្រះអង្គចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិតនោះ គឺជាមានចេតនាបំពុលសង្គម។

លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធន ធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។ លោកបញ្ជាក់ថា ជនដែលប្រព្រឹត្តបទល្មើសធន ធានធម្មជាតិនឹងត្រូវទទួលទោសតាមច្បាប់និងបទដ្ឋានគតិយុត្តនានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់តកូនចៅគ្រប់ជំនាន់៕