នៅក្នុងខែឧសភានេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)បានដកហូតសាច់សត្វព្រៃប្រមាណ៧១ គីឡូក្រាម ពីភោជនីយដ្ឋានមួយកន្លែងនៅខេត្តកោះកុង។ នេះបើតាមផ្សព្វផ្សាយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី២៦ ខែឧសភា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា ការដកហូតសាច់សត្វព្រៃជាង៧០ គីឡូនេះ ក្នុងនោះមានសត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។ ចំពោះសត្វអណ្តើកដែលនៅរស់ ក្រុមការងារ បានដោះលែងអោយចូលទៅក្នុងព្រៃវិញ ហើយសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។


ជាមួយគ្នានេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃ គឺជាការជំរុញអោយមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕