អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការសាកល្បងប្រើថ្នាំព្យាបាលជំងឺគ្រុនចាញ់ឈ្មោះhydroxychloroquine ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវបានបញ្ឈប់ដោយសារមានការភ័យខ្លាចអំពីសុវត្ថិភាព។

អង្គការនេះបាននិយាយកាលពីថ្ងៃចន្ទថា ការសាកល្បងប្រភេទថ្នាំនេះនៅក្នុងប្រទេសមួយចំនួនកំពុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីដែលជាការប្រុងប្រយ័ត្ន។

ការផ្អាកប្រើប្រាស់ថ្នាំhydroxychloroquineនេះ គឺបានកើតឡើងបន្ទាប់ពីការសិក្សាផ្នែកវេជ្ជសាស្រ្តថ្មីៗនេះបង្ហាញថា ថ្នាំនេះអាចបង្កើនហានិភ័យដល់អ្នកជំងឺអាចស្លាប់ពីជំងឺកូវីដ១៩ ខណៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងប្រើថ្នាំនេះដើម្បីការពារកុំឱ្យឆ្លងមេរោគកូវីដ១៩។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្សព្វផ្សាយថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់នេះម្តងហើយម្តងទៀត ដោយបានប្រឆាំងនឹងការណែនាំរបស់ក្រុមវេជ្ជសាស្រ្ដ និងទោះបីជាមានការព្រមានពីមន្រ្តីសុខភាពសាធារណៈ ថាវាអាចបណ្តាលឱ្យមានបញ្ហាបេះដូងក៏ដោយ។

មន្រ្តីនៅទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយថាថ្នាំhydroxychloroquine ត្រូវតែដកចេញពីការសាកល្បងនៅក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដោយរង់ចាំការវាយតម្លៃសុវត្ថិភាព។

ការសិក្សារបស់ទស្សនាវដ្តី Lancet លើអ្នកជំងឺកូវីដ១៩ចំនួន៩៦.០០០នាក់ ដែលក្នុងនោះជិត១៥.០០០នាក់ត្រូវបានឱ្យថ្នាំ hydroxychloroquine ឬ chloroquine ហើយការស្រាវជ្រាវនេះបានរកឃើញថា អ្នកជំងឺប្រើថ្នាំប្រភេទទាំងនេះទំនងជាស្លាប់នៅមន្ទីរពេទ្យហើយវិវត្តទៅជាផលវិបាកនៃចង្វាក់បេះដូង ជាងក្រុមអ្នកជំងឺកូវីដ១៩ដទៃទៀត ៕