អង្គការសុខភាពពិភពលោក(WHO)បាននិយាយនៅថ្ងៃសុក្រថា ទារកអាយុក្រោម១ឆ្នាំរហូតដល់៨០លាននាក់នៅក្នុងប្រទេសយ៉ាងហោចណាស់៦៨នៅទូទាំងពិភពលោក បានខកខានចាក់វ៉ាក់សាំងការពារខ្លួន បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតកូវីដ១៩។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរំខានដល់កម្មវិធីចាក់ថ្នាំបង្ការបង្កឡើងពីជំងឺកូវីដ១៩ កំពុងគំរាមកំហែងសកម្មភាពដែលចាប់ផ្ដើមអស់រយៈពេលរាប់ទស្សវត្សរ៍ ដើម្បីប្រឆាំងនឹងជំងឺដែលអាចការពារបានដោយវ៉ាក់សាំង ដូចជាជំងឺកញ្ជ្រឹលជាដើម។

ចំណែកលោក Henrietta Fore នាយកប្រតិបត្តិអង្គការយូនីសេហ្វបាននិយាយដែរថា៖« យើងមិនអាចផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺមួយ ច្រើនជាងសកម្មភាពដែលមានរយៈពេលយូរអង្វេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដទៃទៀតទេ។ យើងមានវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកញ្ជ្រឹល ជំងឺខួរឆ្អឹងខ្នង និងជំងឺអាសន្នរោគ។ ក្នុងកាលៈទេសៈអាចតម្រូវឱ្យយើងផ្អាកកិច្ចប្រឹងប្រែងការចាក់ថ្នាំបង្ការខ្លះ ប៉ុន្តែការចាក់វ៉ាក់សាំងទាំងនេះត្រូវតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលត្រូវបានផ្អាកនៅក្នុងប្រទេសចំនួន២៧ ខណៈកិច្ចប្រឹងប្រែងដើម្បីចាក់វ៉ាក់សាំងកុមារប្រឆាំងនឹងជំងឺស្វិតដៃជើងត្រូវបានផ្អាកនៅក្នុងប្រទេសចំនួន៣៨ ស្របពេលអង្គការសុខភាពពិភពលោកបាននិយាយកាលពីចុងឆ្នាំមុនថា អ្នកកើតជំងឺកញ្ជ្រិលបានកើនឡើងទូទាំងពិភពលោកដោយសារតែការរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំង ហើយ ជាលទ្ធផលមនុស្សជាង១៤ម៉ឺននាក់បានស្លាប់ ដែលភាគច្រើនជាកុមារតូចៗ។

អង្គការWHOបញ្ជាក់ថា ការខកខានមិនបានចាក់វ៉ាក់សាំងនេះ គឺបញ្ហាធំមួយដែលបានរកឃើញ គឺប្រជាជនមានការស្ទាក់ស្ទើរក្នុងការមកទទួលសេវាចាក់ថ្នាំបង្ការ ដោយសារការព្រួយបារម្ភដោយខ្លួនឯងនិងការព្រួយបារម្ភពីបុគ្គលិកថែទាំសុខភាពផង។ បុគ្គលិកសុខាភិបាលមិនបានផ្ដល់សេវាចាក់វ៉ាក់សាំង ដោយសារមានការរឹតត្បិតការធ្វើដំណើរ ការប្រុងប្រយ័ត្ននឹងជំងឺឆ្លងកូវីដ១៩ដោយខ្លួនឯង និងអ្នកខ្លះខ្វះឧបករណ៍សម្រាប់ការពារខ្លួនពីជំងឺនេះជាដើម៕