តាម​ប្រភពពី Chelsea ដែលបាន​ប្រាប់​ទៅកាន់​ទូរទស្សន៍ ESPN គឺ Chelsea កំពុងត្រៀមលក់កីឡាករ​មួយចំនួន ក្នុង​ក្រុម​ជម្រើសដំបូង ដើម្បី​ជួយ​រក​ថវិកា​កសាងក្លឹប​ ក្នុងរដូវក្តៅខាងមុខ។ ប៉ុន្តែ Chelsea នឹង​មិន​លក់​កីឡាករ ២នាក់នោះទេ ទោះជាខ្វះខាតបែបណា។ កីឡាករខ្សែបម្រើ​ទាំង ២នាក់នោះ គឺ N’Golo Kante និង Jorginho។

ជាការកត់សម្គាល់ ទោះបីជា​ពេលនេះ គ្រប់គ្នា ឬ សឹងអាចនិយាយបាន​ថា ក្លឹប​បាល់​ទាត់ជាច្រើន កំពុងប្រឈម​នឹង​បញ្ហាហិរញ្ញវត្ថុ​ ដោយសារវិបត្តិកូវីដ ១៩, ប៉ុន្តែ Chelsea នៅតែសកម្ម​ ក្នុង​ទីផ្សារដោះដូរកីឡាករ។

ការ​សកម្ម​បែបនេះ ក៏ព្រោះតែគ្រូបង្វឹក លោក Frank Lampard ចង់​ពង្រឹងក្រុម​ឲ្យ​កាន់តែរឹងមាំ។ ប៉ុន្តែការទិញ​កីឡាករថ្មី ដែល Chelsea ត្រូវ​ធ្វើ​ពេលនេះ គឺត្រូវតែម្ម៉ត់​ច្មត់ជាទេបំផុត។ ប្រការនេះ ក៏ដោយសារតែ​ក្លឹប​ ក៏​ប្រឈមនឹងកូវីដ ១៩​ដូចគ្នា និង​ម្យ៉ាងទៀត គឺ Chelsea ត្រូវប្រយ័ត្នឲ្យ​មែនទែន ព្រោះ​ទើប​តែទទទួលបាន​ការ​លើកលែងទណ្ឌកម្ម​ពី សហព័ន្ធបាល់ទាត់ពិភពលោក FIFA ជុំវិញ​រឿង ទិញ​ដូរកីឡាកររួចហើយ។

តាមសេចក្តីរាយការណ៍ពី ESPN ដដែល Chelsea ចង់​លក់​កីឡាករ​មួយចំនួន ដើម្បីទទួលចំណូល​ខ្លះ ដូចជា Tiemoue Bakayoko ដែល​កំពុងលេងខ្ចីជើង នៅក្លឹប Monaco, កីឡាករ​ Marcos Alonso, Emerson Palmieri, Michy Batshuayi និង​ Davide Zappacosta។

ចំណែក​កីឡាករ ដែល​លោក​ Lampard ចង់​បាន​គឺ ខ្សែបម្រើ Ben Chilwell នៃក្លឹប Leicester​ ដើម្បី​មក​ជំនួស Alonso និង Palmieri ព្រម​ទាំងដើម្បីចាប់ដៃគូជាមួយ​ប្រធានក្រុម​ចាស់វស្សា Cesar Azpilicueta។

Image may contain: 11 people, outdoor

ជាមួយគ្នា ក៏មាន​ដំណឹងដែរថា Chelsea ចង់បានខ្សែប្រយុទ្ធរបស់ Dortmund គឺ Erling Haaland, ចង់បាន​ខ្សែប្រយុទ្ធ​ RB Leipzig កីឡាករ Timo Werner និងកីឡាករ​របស់​ Arsenal គឺ Pierre-Emerick Aubameyang ផងដែរ។

គេ​មិនដឹងថា នៅពេល​ Chelsea លក់​កីឡាករប៉ុន្មាននាក់​ខាងលើ តើ​គេ​នឹង​ទទួលបាន​ប្រាក់ច្រើន​ ដើម្បី​ទិញកីឡាករ​ដែលគេ​ចង់បាន​ ឬ អត់​ទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏លោក Lampard នឹងមិន​បណ្តោយ​ឲ្យ Kante ដែល​ Real Madrid កំពុង​សម្លឹង​ចង់បាន​ និងហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ថ្លៃនោះ ចាក​ចេញពី Chelsea ទេ។

ចំណែក Jorginho ទោះបីជាលោក Maurizio Sarri គ្រូបង្វឹក​របស់ Juventus សព្វថ្ងៃ ចង់​យក​ត្រលប់ទៅអ៊ីតាលីវិញ ក៏ Chelsea នឹង​មិន​បណ្តោយ​ឲ្យរបូតដូចគ្នា៕