អតីតគ្រូបង្វឹក​ Arsenal លោក Unai Emery បាន​បង្ហើប​ប្រាប់​សារព័ត៌មាន អង់គ្លេស ក្នុងសប្តាហ៍នេះថា លោក​គ្មាន​ចិត្ត ចង់ឲ្យ​ Arsenal ចំណាយ ៧២លានផោន ដើម្បីទិញ​ខ្សែបម្រើប្រយុទ្ធ Nicolas Pepe ពីក្លឹប Lille កាលពីខែសីហា ឆ្នាំ ២០១៩ ដើម​រដូវកាលនេះ​នោះទេ។

ការ​បង្ហើប​ប្រាប់​របស់​គ្រូបង្វឹកអេស្បាញ​វ័យ ៤៨ឆ្នាំ ដែលកំពុងគ្មាន​ក្លឹប​ដឹកនាំ​នេះ គឺបន្ទាប់ពីមាន​ការពិភាក្សាគ្នា ជាដដែល​ៗថា Arsenal កាន់តែដុន​ដាប​ក្នុងជំនាន់​លោក Emery និង​កាន់តែខាត​ចំណូល​ដោយ​សារតែការទិញ Pepe ដែល​បង្ហាញ​ទម្រង់លេង​មិន​បាន​ល្អសោះ​តាំងពី​មក​ដល់​ Arsenal។ ហើយ​ជាការពិត គឺ Pepe កីឡាករបារាំងវ័យ ២៤ឆ្នាំនេះ អាច​រកបានគ្រាប់បាល់តែ ៤គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម​ការបង្ហាញខ្លួន ២៤ដង មុន​ពេលលីគបាល់ទាត់​ត្រូវបាន​ផ្អាក ដោយ​បញ្ហា​កូវីដ ១៩។​

សម្រាប់​លោក Emery គឺលោក​ចង់​ឲ្យកាំភ្លើងធំ ទិញ Wilfried Zaha ពីក្លឹប Crystal Palace វិញទេ។ Zaha ដែល​ជាខ្សែប្រយុទ្ធស្នូល​ដ៏សំខាន់​ម្នាក់ របស់ Crystal Palace ដែល​បើ​តាម​លោក Emery គឺគេក៏គ្មាន​តម្លៃផ្ទេរថ្លៃដូច Pepe ហើយ​ថែមទាំងនឹងអាច​ជាប្រយោជន៍ដល់​ក្រុមច្រើន​ជាងពេលបច្ចុប្បន្ន​នេះទៀត។

លោក Emery និយាយ៖ «Pepe គឺជាកីឡាករល្អ ប៉ុន្តែគេ​ត្រូវការ​ពេលវេលា។ ពេលខ្ញុំ​នៅទីនោះ (Arsenal) គេមិនបាន​ផ្តល់ទម្រង់លេងល្អឲ្យ​ខ្ញុំ​ទេ។ ការពិត​ខ្ញុំ​បាន​ផ្តល់យោបល់ឲ្យ​យក​អ្នក​ដែលគេ​ស្គាល់​នៅលីគ​អង់គ្លេសច្រើន​ជាង… ខ្ញុំ​បាន​ជួបជាមួយ Zaha កីឡាករ​របស់ Palace។ គេជាកីឡាករដែលខ្ញុំ​ចង់បាន ព្រោះ​ខ្ញុំ​អាចឃើញ​ថា គេនាំក្រុម​ឈ្នះ​ច្រើនប្រកួត​។ ខ្ញុំ​មើល​ការប្រកួតរបស់ Zaha ២០​ប្រកួត ហើយ​ប្រកួត​ខ្លះ គឺគេ​លេងអស្ចារ្យ​ណាស់ ហើយខ្ញុំបានប្រាប់​គេថា គេ​គឺជាកីឡាករដែលខ្ញុំចង់បានក្នុងក្រុម»។

លោក Emery បានអះអាងថា គាត់​បានជួបនិយាយដោយ​ផ្ទាល់ជាមួយ Zaha ប៉ុន្តែក្លឹប​បែរជាសម្រេចចិត្ត​ទិញ Pepe ដែល​ក្មេង​ជាងគេ ដោយ​យល់ថា គេនឹងមានអនាគត​ល្អទៅមុខទៀត។​ លោក Emery ក៏រិះគន់​ដែរថា ក្លឹប​គិត​តែតាមចិត្ត​ខ្លួនឯង មិនបាន​យក​យោបល់​ពីខាងប្រធានក្រុម ពីក្រុម​គ្រូបង្វឹក ទៅ​ពិចារណាអ្វីទេ។

គួរជម្រាបជូនថា លោក Emery ត្រូវបាន​ Arsenal តែងតាំងជាគ្រូបង្វឹក កាលពី​ខែឧសភា ឆ្នាំ ២០១៨ ក្រោយ​ពេល​លោក​អស់​កុងត្រា​នៅក្លឹប Paris Saint-Germain។ ប៉ុន្តែ Arsenal បាន​សម្រេចចិត្ត​បណ្តេញ​លោក Emery ចេញ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩​វិញ ដោយ​សារ​លទ្ធផល​បរាជ័យ​ជាបន្តបន្ទាប់ ៧ប្រកួតជាប់ៗគ្នា នៅរដូវកាល ២០១៩-២០២០នេះ ហើយ​ដាក់​ជំនួស​អតីត​កីឡាករ Arsenal គឺលោក Mikel Arteta ឲ្យ​ធ្វើជាគ្រូបង្វឹកវិញ៕