រយៈពេល ២សប្ដាហ៍នៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចណ៍ថយចុះ២០ នាក់បើធៀបនឹងរយៈពេល ២សប្ដាហ៍ខែ ឧសភា ឆ្នាំ​២០១៩។

តាមបញ្ជាក់ទិន្ន័យរបស់ សម្ដេច ស ខេង ឲ្យដឹងថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ ថយចុះ៦៨ លើក មានអ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ នេះបើប្រៀបធៀបពីថ្ងៃទី១រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ ហើយបើធៀបចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់។

ជាមួយគ្នានេះ សម្ដេច ស ខេងបានធ្វើការក្រើនរំលឹក ឲ្យកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋ៕