លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួង​សុខាភិ​បាល បានឱ្យដឹងថា ក្រសួងសុខាភិបាលនៅតែបន្ត និងបង្កើនការពង្រឹងការចេញ​ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

លោក លី សូវ៉ាន់ បានឲ្យដឹងដូច្នេះថា៖ “យើងនៅតែបន្តពង្រឹងការអនុវត្តវិធានការនានា ដើម្បីការពារការនាំចូលនូវជំងឺកូវីដ១៩ បើទោះជាមកទល់ពេលនេះ កម្ពុជាយើងពុំ​មានករណីឆ្លងថ្មីក៏ដោយ ជាពិសេសគឺបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ​សេចក្តីប្រកាសរ​បស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវ​វិធានការមួយចំនួន ក្នុងការការ​ពារការនាំចូលជំងឺនេះ ដូចជា ទី១ រាល់អ្នកដំ​ណើរ​ទាំងអស់ត្រូវតែមានលិខិត​បញ្ជាក់ថា ពួកគាត់ពុំមានជំងឺកូវីដ១៩ ចំនួន៧២ម៉ោង ទី២ សម្រាប់ជនបរទេសគឺត្រូវមាន​ធានា​រ៉ាប់រងចំនួន០៥ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ទី៣ គឺត្រូវបំពេញ​នូវទម្រង់ប្រ​កាសព័ត៌​មានឱ្យបានពិតប្រាកដ ដោយត្រូវមានបញ្ជាក់​ថាគាត់មកពីប្រទេសណា ហើយ​ស្នាក់នៅទីណា និងមធ្យោបាយ​ទំនាក់ទំនង​របស់ពួក​គាត់ទាំងអស់ និងតម្រូវនៃ​ការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ នៅកន្លែង​ស្នាក់នៅ ដោយមិនអនុញ្ញាត​ឱ្យធ្វើដំ​ណើរទៅទីណាបាននោះទេ ហើយរាល់អ្នកដំណើរ​ទាំងអស់ដែលមកដល់​ប្រទេស​កម្ពុជាតាមច្រកទាំង០៣នោះ ក្រុមមន្ត្រីសុខាភិបាល​របស់យើង ក៏បានចែក​នូវប័ណ្ណសុ​ខភាព ដែល​តម្រូវឱ្យពួកគាត់ត្រូវ​អនុវត្តតា​ម​សេចក្តីណែនាំផ្សេងៗ ដែលមាន​ចែងនៅ​ក្នុងនោះ ដូចជាវិធីតាមដានសុ​ខភាពក្នុង​អំឡុងពេល​ធ្វើចត្តាឡី​ស័កខ្លួន​ឯងរយៈ​ពេល១៤ថ្ងៃនោះ”៕ AKP