កាលពីថ្ងៃទី ១២ ខែ ឧសភា ក្រុមឆ្មាំទន្លេចុះល្បាតប្រទះឃើញសាកសពកូនសត្វផ្សោតញី មួយក្បាលទម្ងន់១៣,២ គីឡូ មានប្រវែង១២០ សង់ទីម៉ែត្រ មានទទឹងខ្លួនប្រវែង២០ សង់ទីម៉ែត្រនៅជិតអន្លង់ថ្មធំក្បាល កោះល្ង ខេត្ត ស្ទឹងត្រែង។ នេះបើតាមកាឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែឧសភា។

ក្រុមអភិរក្សសត្វផ្សោតរដ្ឋបាលជលផលស្ទឹងត្រែង និង មន្រ្តីអង្គការ WWF បានឲ្យដឹងថា សាកសពកូនសត្វផ្សោតនេះមានសភាពហើម ហើយធំក្លិនស្អុយតិចៗ តែពុំមានស្លាកស្នាមណាមួយ ដែលបញ្ជាក់ថាស្លាប់ដោយសារជាប់មង ឬសន្ទូចនោះទេ។ យ៉ាងណាក្រុមអ្នកជំនាញមិនទាន់អាចបញ្ជាក់អំពីអាយុរបស់កូនសត្វផ្សោត ដែលស្លាប់នៅឡើយ ខណៈសាកសពកូនផ្សោតនេះត្រូវបានបញ្ជូនយកទៅរក្សាទុកនៅស្នាក់ការអង្គការ WWF ប្រចាំនៅខេត្តក្រចេះ ដើម្បីធ្វើការសិក្សា និងវិភាគរកមូលហេតុនៃការស្លាប់៕