ស្ថានភាពជំងឺកូវីដ ១៩នៅកម្ពុជាចាប់ផ្ដើមថមថយជាង ៩៩% ប៉ុន្តែនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។  

សម្ដេចអំពាវនាវដូច្នេះថា៖«ទោះបីចំនួនអ្នកព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ តែសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់ ហើយត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។ ខណៈលោកស្រី ឱ វណ្ណឌីន ថាបទបញ្ជា និងវិធានការនានានៅតែមានសុពលភាពនៅឡើយ។

លោកស្រីថា៖«ផែនការមេដែលត្រូវបានអភិវឌ្ឍឡើងដើម្បីប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នេះ គឺនៅតែបន្តអនុវត្តនៅឡើយទេ។ ទន្ទឹងនឹងនោះ យើងនឹងពង្រឹងបន្ថែមទៀត ដើម្បីចាត់ចែងធ្វើមេចឱ្យប្រព័ន្ធសុខាភិបាលកាន់តែមានភាពរឹងមាំ ហើយដើម្បីត្រៀមលក្ខណៈឱ្យរួចជាស្រេច ប្រសិនបើមានការរាតត្បាតលើកទី២។ ការប្រុងប្រយ័ត្ននិងការអនុវត្តនូវវិធានការដែលខ្ញុំបានលើក៣ចំណុចដែលមានសារសំខាន់មែនទែន ទោះជាទៅកន្លែងណាក៏ដោយ គឺមិនត្រូវចោលទេ គឺយើងនៅតែដាក់ចេញនិងណែនាំឱ្យពលរដ្ឋគ្រប់ទីកន្លែងទាំងអស់អនុវត្ត ទាំងនៅភោជនីយដ្ឋាន អាហារនិងទាំងកន្លែងណាក៏ដោយ គឺមិនត្រូវភ្លេចនូវចំណុច៣ដែលខ្ញុំបានលើកនេះឡើយ»។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ឲ្យដឹងថាត្រឹមថ្ងៃទី១២ ខែឧសភា ចំនួនអ្នកឆ្លងជំងឺ កូវី ១៩ថយចុះ ៩៩,១៨% ដែលមានអ្នកជាសះស្បើយកើនដល់ ១២១នាក់ និងអ្នកកំពុងសម្រាកព្យាបាលជាស្រ្តីម្នាក់ ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេស១២២ នាក់៕