ក្រុមអ្នកស្រាវជ្រាវ និងអភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិនៅកម្ពុជា បានស្រាវ​ជ្រាវរកឃើញ សត្វល្មូនមួយប្រភេទថ្មី គឺអម្បូរសត្វតុកែ ដែលពិភពលោកគ្មាន​ទាល់តែសោះ មានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានរកឃើញនៅ​ក្នុងព្រៃឡង់ ខេត្តកំពង់ធំ ត្រូវបានដាក់ឈ្មោះជាភាសារខ្មែរថា «តុកែជើងកោង ភ្នំជី»។

លោក នាង ធី អ្នកសម្របសម្រួលរបស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ និងជាអ្នក​បានចូលរួមស្រាវជ្រាវដោយផ្ទាល់ផងនោះបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមការ​ងាររបស់លោកបានធ្វើការស្រាវជ្រាវយ៉ាងយូរ នៅក្នុងតំបន់ព្រៃឡង់ ហើយជាលទ្ធផល​ក៏បានឃើញល្មូនមួយប្រភេទ ជាអម្បូរសត្វតុកែ ដ៏ចម្លែកមួយប្រភេទ នៅក្នុងព្រៃឡង់ ក្នុងខេត្តកំពង់ធំ តំបន់ភ្នំជី ។ ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល ០៥ថ្ងៃ ពិសេស​នៅពេលយប់ នៅតំបន់ភ្នំជី ក្រុមការងាររបស់លោកបានប្រទះឃើញសត្វ តុកែ មួយប្រភេទនេះដែលអ្នកស្រុកនៅទីនេះមិនដែលបានឃើញពីមុនមកឡើយ ។ ឆ្លង​តាមការតាមដាន និងស្រាវជ្រាវ ឃើញថា សត្វតុកែ នេះវាចេញរកស៊ី​សត្វល្អិតតែពេល​យប់ ទើបប្រជាពលរដ្ឋនៅតំបន់ភ្នំជីនោះមិនដែលបានឃើញវាឡើយ ។

ក្រោយពីធ្វើផ្ទៀងផ្ទាត់ជាមួយអម្បូរសត្វតុកែ នៅបណ្តាប្រទេសផ្សេងៗ នៅ​លើពិភព​លោក និងបានផ្ញើរូបសំណាក់ទៅធ្វើការបន្ថែមនៅសហរដ្ឋអាមេរិក ឃើញថា មិនមាន​សត្វតុកែ នៅប្រទេសណាមួយដូចប្រភេទសត្វតុកែនេះឡើយ ទើបក្រុមអ្នកស្រាវជ្រាវ​ពិភពលោក ដាក់ឈ្មោះថា «តុកែជើងកោង ភ្នំជី» ៕ AKP