
ក្នុងឱកាសទិវាពិភពផែនដីនេះ សារព័ត៌មានខ្មែរណាស់ សូមចុះផ្សាយនូវអត្ថបទទាំងស្រុង ដែលសរសេរដោយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ អត្ថបទរបស់លោកទូត គឺផ្តោតសំខាន់ទៅលើ«ទិវាភពផែនដី និងភាពជាដៃគូ ក្នុងការការពារសម្បត្តិធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា»។ សូមអាននូវសំណេររបស់លោកទូតខាងក្រោម៖
ដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ទិវាភពផែនដី និងភាពជាដៃគូ ក្នុងការការពារសម្បត្តិធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃទិវាភពផែនដី ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើង នៅទូទាំងពិភពលោក ដើម្បីសម្តែងឲ្យឃើញពីការគាំទ្រចំពោះកិច្ចការពារបរិស្ថាន។
នៅថ្ងៃទិវាភពផែនដីលើកដំបូង គឺថ្ងៃទី ២២ មេសា ឆ្នាំ ១៩៧០ ពលរដ្ឋអាមេរិករាប់លាននាក់ បានចូលរួមក្នុងការជួបជុំគ្នា នៅតាមទីក្រុងតូចធំ ទូទាំងសហរដ្ឋអាមេរិក។ ដើម្បីបង្កើតនូវចលនាការពារបរិស្ថានទំនើប អ្នកផ្តួចផ្តើមឲ្យមានទិវាភពផែនដី ទាញការយកចិត្តទុកដាក់ដោយជោគជ័យ ចំពោះការអនុវត្តដែលគ្មាននិរន្តរភាព ដែលបានបំពុលខ្យល់ ទន្លេ និងបឹងរបស់យើង។ ខ្ញុំចាំបានថាជាក្មេងសិស្សសាលាម្នាក់ ដែលបំផុសស្មារតីទិវាភពផែនដីជាលើកដំបូង បានទាក់ទាញការយកចិត្តទុកដាក់រួមរបស់យើង ចំពោះភាពផុយស្រួយ និងសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់យើង។
នៅឆ្នាំក្រោយៗមក ក្រោយមានកំណើតនៃចលនាទិវាភពផែនដីនេះ សហរដ្ឋអាមេរិក បានអនុម័ត ច្បាប់សំខាន់មួយ ដើម្បីការពារខ្យល់ ទឹក និងប្រភេទធនធានដែលជិតផុតពូជ។ ខណៈកិច្ចខិតខំប្រឹងប្រឹងប្រែងទាំងនេះនៅបន្ត យើងមានមោទកភាព ដែលចលនានេះបានវិវត្តទៅជាបាតុភូតពិភពលោក។ ជាង១៩៣ប្រទេស នៅឆ្នាំនេះ នឹងធ្វើការប្រារព្ធ ទិវាភពផែនដី និងប្តេជ្ញាចិត្តឡើងវិញ ក្នុងការផ្លាស់ប្តូរនូវឥរិយាបថរបស់មនុស្ស និងគោលនយោបាយដែលត្រូវការ ដើម្បីធានានូវការប្រើប្រាស់ប្រកបដោយនិរន្តភាព នៃធនធានធម្មជាតិរបស់យើង។
នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកមានប្រពៃណីយូរមកហើយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូ ពាក់ព័ន្ធក្នុងស្រុក ដើម្បីការពារព្រៃឈើ ទន្លេ និង សត្វព្រៃ ដ៏គួរឲ្យចាប់ចិត្តរបស់ ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក គាំទ្រគម្រោងកំពុងអនុវត្ត ដើម្បីពង្រឹងច្បាប់បរិស្ថាន ការពារធនធានជលផល បញ្ឈប់ការជួញដូរសត្វព្រៃ និងការពារធនធានដែលជិតផុតពូជ ។ ដៃគូរបស់យើង រួមមាន ក្រសួងបរិស្ថាន និងស្ថាប័នក្នុងរាជរដ្ឋាភិបាលដទៃទៀត អង្គការសង្គមស៊ីវិល អង្គការអភិរក្សអន្តរជាតិនានា និងសហគមន៍ក្នុងស្រុក។
តាំងពីឆ្នាំ ២០០៨ មក ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក(USAID) បានធ្វើការចំណាយថវិកាចំនួនជាង ៩០ លានដុល្លា ក្នុងការជួយគាំទ្រការគ្រប់គ្រងធនធានធម្មជាតិ របស់ប្រទេសកម្ពុជា។ កម្មវិធីទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារប្រភេទសត្វដែលជិត ផុតពូជ ដូចជាសត្វដំរី និងសត្វស្លាបជាតិ គឺសត្វត្រយ៉ងយក្ស ជួយដល់ការកាត់បន្ថយការ កាប់ព្រៃឈើ និងលើកកម្ពស់ជីវភាព របស់សហគមន៍ក្នុងតំបន់ព្រៃនិងជុំវិញ។
ភាពជាដៃគូការងារបរិស្ថានរបស់យើង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ជាផ្លូវការនូវ ដែនជម្រកអភិរក្សសត្វព្រៃនៅព្រៃឡង់ និងជួយដល់សហគមន៍ក្នុងស្រុក ឲ្យក្លាយជាអ្នកពាក់ព័ន្ធបន្ថែមទៀតក្នុងការសម្រេចចិត្តលើការគ្រប់គ្រងព្រៃឈើ។ សព្វថ្ងៃនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID ជួយគាំទ្រដល់គំនិតផ្តួចផ្តើមកម្មវិធីអភិរក្សជាច្រើន នៅក្នុងខេត្តមណ្ឌលគីរី និងតំបន់ព្រៃឡង់ ដែលមានទេសភាពលាតសន្ធឹង ក្នុងខេត្តព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង។ កម្មវិធីទាំងនេះ ថែមទាំងជួយបង្កើតឲ្យមានការងារធ្វើក្នុងផ្នែកសេដ្ឋកិច្ច ដែលជួយទ្រទ្រង់បរិស្ថាន ដូចជា តំបន់អេកូទេសចរណ៍ និងកសិកម្មដែលមាននិរន្តភាព។
ដូចដែលព្រះរាជាណាចក្រពិចារណា រកវិធីធ្វើយ៉ាងណាដើម្បីដោះស្រាយតម្រូវការថាមពល ដែលចេះ តែមានការកើនឡើង ប្រជាជនកម្ពុជាក៏ត្រូវពិចារណាផងដែរ ពីប្រភពផ្សេងៗគ្នា នៃប្រភពថាមពល ដែលមានផលប៉ះពាល់ ទៅលើបរិស្ថាន។ នៅក្នុងពេលថ្មីៗនេះ អាជ្ញាធរបានពន្យារគម្រោងផែនការ ក្នុងការសាងសង់ ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ ដែលវាជាការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បី ចៀសវាងនូវគ្រោះថ្នាក់បន្ថែមទៀតចំពោះធនធានជលផលនៅក្នុងតំបន់មេគង្គក្រោម ការពារដល់ សន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ និង សង្គ្រោះធនធានដ៏កម្រ ពីការផុតពូជ ដូចជាសត្វផ្សោតជាដើម។
ក្តីសង្ឃឹមរបស់ខ្ញុំ គឺចង់ឃើញប្រទេសកម្ពុជា នឹងឆ្លៀតយកឱកាសនេះ ពិចារណាលើជម្រើសផ្សេងវិញ។ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេ ក្នុងផ្នែកថាមពលមានបរិស្ថានល្អ និងតម្លៃសមរម្យ មានអ្នកជំនាញមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុនថាមពលលំដាប់ពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលផ្នែកធនធានធម្មជាតិដ៏គួរឲ្យគោរព ដែលអាចជួយកម្ពុជា ឲ្យទទួលបាននូវផលប្រយោជន៍នៃបច្ចេកវិទ្យាថ្មីៗ ក្នុងការការពារសុខភាព និងប្រជាជនកម្ពុជា និង ទន្លេមេគង្គ។
ឆ្នាំនេះ ប្រទេសយើងទាំងពីរ កំពុងប្រារព្ធខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង រំលឹកដល់ខែនីមួយៗ ដែលផ្តោតលើប្រធានបទពិសេស នៃកិច្ចសហប្រតិបត្តិការនេះ។ ជាឧទាហរណ៍ ស្របពេលដែលពិភពលោក កំពុងប្រយុទ្ធនឹងមេរោគរាតត្បាតជាសាកលនេះ ក្នុងខែឧសភា យើងនឹងផ្តោតលើការងារសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ធ្វើការសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនានា។ ហើយសម្រាប់ខែនេះវិញ យើងកំពុងធ្វើការផ្តោតលើប្រធានបទ ស្តីពីបរិស្ថាន ជាកិច្ចសហការទ្វេភាគី ក្នុងការអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ នេះជាក្តីសង្ឃឹមរបស់ខ្ញុំ ដែលថា ក្នុងខួបលើកទី ៥០ ឆ្នាំនៃការបង្កើត ទិវាភពផែនដី និងជារៀងរាល់ថ្ងៃទៅមុខ សហរដ្ឋអាមេរិក និងកម្ពុជា អាចបន្តនូវភាពជាដៃគូ ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រមួយដែលមាននិរន្តភាព ស្របពេលដែលធ្វើការការពារនូវសម្បត្តិធនធានធម្មជាតិដ៏ពិសេសរបស់ប្រទេសនេះ៕
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022