ការប្រកួត​បាល់ទាត់​ពាសពេញ​ពិភពលោក​ ត្រូវបានផ្អាក​ដោយសារ​ការឆ្លងរាតត្បាត​នៃវីរុស​កូរ៉ូណា! ហើយ​ក្ដីបារម្ភ​ ដែល​កើត​​មានឡើងភ្លាមៗ ​នោះ​គឺ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ក្លឹប​នីមួយៗ។ ប៉ុន្តែទន្ទឹម​នឹង​នេះ ក៏មានក្ដីសង្ឃឹមផងដែរ ថា​កីឡា​សកល​នេះ ​អាចវិល​ត្រឡប់មកវិញក្នុងទម្រង់មួយដែលល្អប្រសើរជាងមុន។

អ្នកចាត់ការទូទៅ​​ក្លឹប Everton គឺលោក Carlo Ancelotti បានប្រាប់​សារព័ត៌មាន Corriere dello Sport ថា៖ “យើង​កំពុង​រស់នៅ​ឆ្លងកាត់ស្ថាន​ភាព​មួយ​ដែល​យើងមិនធ្លាប់ជួប ហើយ​ស្ថានភាពនេះ​នឹង​ផ្លាស់ប្ដូររបៀបរស់នៅ​របស់យើងទាំងស្រុង”។

ចាប់តាំងពីសង្គ្រាមលោក​លើក​ទី២ មក ព្រឹត្តិការណ៍​ប្រកួត​កីឡា ​មិនធ្លាប់​ត្រូវបានបង្ខំ​ឱ្យ​ផ្អាក​ពាស​ពេញ​ទ្វីប​អឺរ៉ុប​បែបនេះ​ទេ។ ការអាក់ខាន​ភ្លាមៗ​បែបនេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីចំណុច​ខ្សោយ​នៃ​ប្រព័ន្ធកីឡា​មួយ​ ដែល​ត្រូវបានបំពុល​ដោយ​ទំហំទឹកប្រាក់ជាច្រើន។ ក្នុងរយៈពេលខ្លីមួយ ការថមថយ​នៃប្រាក់ចំណូល​គឺជារឿង​មួយ​មិនអាចជៀស​ផុត​នោះទេ។

លោក Ancelotti បានបន្ត​ទៀតថា៖ “ប្រាក់ចំណូល​ពីការផ្សាយ​ផ្ទាល់តាមទូរទស្សន៍​នឹងថយចុះ កីឡាករ​ និងគ្រូបង្វឹក​នឹងទទួលបានប្រាក់កម្រៃទាបជាងមុនដែរ។ តម្លៃសំបុត្រ​ចូលទស្សនា​ក៏​នឹងត្រូវធ្លាក់ចុះដែរ ព្រោះ​អ្នកទស្សនា​មិនមាន​លទ្ធភាពដូចពីមុនទេ។ សេដ្ឋកិច្ចនឹងប្រែមុខមាត់ថ្មី ហើយ​កីឡាបាល់ទាត់ក៏ដូច្នោះដែរ”។

សូម្បីតែកីឡាករ​នៅ​ក្លឹប Barcelona ដែល​ចាត់ទុក​ថាជាក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ ដែល​មាន​ជាងគេ​បំផុត​​ក្នុងលោក ក៏បានយល់ព្រម​រួចហើយ​ឱ្យក្លឹប​កាត់ប្រាក់កម្រៃកីឡាករ​របស់ខ្លួន ៧០ភាគរយ​។ ក្លឹប​ផ្សេងៗ​ទៀតនៅអឺរ៉ុប​ ក៏កំពុងតែ​អនុវត្ត​តាមវិធី​ស្រដៀងគ្នា​នេះដែរ។

នៅអាល្លឺម៉ង់ ក្លឹប​ទាំង៤ ដែលបានចូលរួមប្រកួត​ឆេមពានស៍​លីគ​រដូវកាលនេះ បាន​ចូលរួម​បរិច្ចាគ​ទឹកប្រាក់ ២០លានអឺរ៉ូ ដើម្បីជួយ​ក្លឹប​ផ្សេងទៀត​ដែលទទួលរង​ផល​ប៉ះពាល់​ប្រកប​ដោយស្មារតីសាមគ្គីភាពខ្ពស់។

ទន្ទឹមនឹងនេះ ការបែងចែក​ប្រាក់ចំណូល​ដែលទទួលបានពីការផ្សាយ​តាមទូរទស្សន៍​ ក៏អាចត្រូវបានគេពិចារណាឡើងវិញដែរ៕