សម្តេច ហ៊ុន សែន បានសម្រេចបរិច្ចាគនូវប្រាក់ខែរបស់ខ្លួនចំនួន ៧ ខែ ដើម្បីចូលរួមប្រឆាំងនឹងជំងឺកូវីដ ១៩។ ការបរិច្ចាគនេះ ធ្វើឡើងតាមរយៈលិខិតរបស់សម្តេច ផ្ញើទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី ១ ខែមេសា។

«ដោយសារស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ខ្ញុំសូមសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ នូវប្រាក់បៀវត្សរបស់ខ្ញុំជានាយកដ្ឋមន្រ្តីចំនួនស្មើនឹងចំនួន ៧ ខែ ដោយរាប់ចាប់តាំងពីខែមីនា ដល់ខែកញ្ញាឆ្នាំ ២០២០»។

នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី នៅក្នុងលិខិតនោះ។ តាមរយៈលិខិតដដែលនោះ សម្តេច ហ៊ុន សែន ក៏ប្រាប់ឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់ចែងបង្វែរប្រាក់បៀវត្សរបស់សម្តេចក្នុងចន្លោះខែខាងលើ បញ្ចូលទៅក្នុងគណនេយ្យរបស់គណៈកម្មាធិការប្រឆាំងកូវីដ ១៩៕