ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលកម្ពុជា បានសម្រេច​ឱ្យផ្អាក​ការក​ម្មវិធីប្រគំតន្រ្តីនៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សច្រើនកុះករ នៅទូទាំងប្រទេស ដើម្បីចូល​រួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកា​សព័ត៌​មាន​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០។

ការប្រកាសផ្អាកប្រគុំតន្រ្តីនេះ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ដែលតែងតែ​ធ្វើការបញ្ចេញមតិលើបណ្តាញសង្គមកន្លងមក សុំឲ្យរាជរដ្ឋាភិបាលពិចារណា ផ្អាក​ការប្រគុំតន្រ្តីគ្រប់រូបភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ បន្ទាប់​ពីបានបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត សារមន្ទីរ និងការជួបជុំបែបសាសនា នៅទូទាំងប្រទេស។

គិតត្រឹមយប់ថ្ងៃទី ១៧ មីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា មាន​ករណីឆ្លងកូវីដ១៩ចំនួន ៣៣ករណីហើយ៕