ភ្នំពេញ៖ កម្ពុជា រកឃើញវីរុសCOVID-19 លើមនុស្សចំនួន១២នាក់ថ្មីទៀត នៅថ្ងៃទី១៦ មីនា ដែលសរុបទាំងអស់២៤នាក់ហើយ។ នេះបើតាមក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី១៧ មីនានេះ។

ករណីCOVID-19 ទាំង១២នេះ រកឃើញលើជនជាតិខ្មែរឥស្លាម​ ១១​ នាក់​ ដែលមកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ០១​ នាក់ ។ ក្នុងចំណោមអ្នកទាំង១២នាក់នេះ មានអ្នករស់នៅខេត្តបន្ទាយមានជ័យ ២នាក់ ដោយបុរសជនជាតិខ្មែរឥស្លាម និងបុរសខ្មែរម្នាក់ ដែលមកពីប្រទេសថៃ ហើយត្រូវដាក់ឱ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

ដោយឡែកបុរសជនជាតិខ្មែរឥស្លាម២នាក់ នៅម្ដុំព្រែកប្រា រាជធានីភ្នំពេញ ត្រូវបានដាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកបុរសជនជាតិខ្មែរឥស្លាម២នាក់ នៅខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពង់ឆ្នាំង ខណៈបុរសជនជាតិខ្មែរឥស្លាម៤នាក់ទៀត រកឃើញវិជ្ជមានCOVID-19 នៅខេត្តបាត់ដំបង ត្រូវដាក់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

រីឯបុរសជនជាតិខ្មែរឥស្លាម១នាក់ ដែលជាអ្នកបកប្រែឱ្យម៉ាឡេស៊ីនៅខេត្តកែប ត្រូវសម្រាកនៅមន្ទីរពេទ្យខេត្តកែប និងបុរសជនជាតិខ្មែរឥស្លាម១នាក់ទៀត នៅខេត្តត្បូងឃ្មុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពញាក្រែក។

សរុបមកពេលនេះ កម្ពុជាមានអ្នកផ្ទុកវីរុសCOVID-19 ចំនួន២៤នាក់ហើយ។ ក្រសួងសុខាភិបាលកំពុងស្វែង និងស្រាវជ្រាវរកករណីថ្មីបន្តទៀត៕