រយៈពេល ៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី ៦នៅខេត្ត​បាត់ដំបងទទួល​បានភ្ញៀវទេស​ចរចូលរួមប្រមាណជិត ៣០ម៉ឺននាក់ប៉ុណ្ណោះ។ ​នេះបើតាមការវាយតម្លៃរបស់ឯកឧត្តម ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០។

លោក ថោង ខុន បានឲ្យដឹងថា រយៈពេលបីថ្ងៃមកនេះ បុណ្យទន្លេបាន​ទទួលវត្ត​មាន​ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះ​មាន​ភ្ញៀវបរទេសប្រមាណ ១៣០០នាក់  ។

សូមរំលឹកថា ពិធីបុណ្យទន្លេលើកទី ៥នៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៩ មានភ្ញៀវទេសចរចំនួន ១លាននាក់ដើរលេងកម្សាន្ត។

បើតាមលោក រដ្ឋមន្រ្តី ថោង ខុន បើទោះបីជាភ្ញៀវទេសចរចូលរួមមានការថយចុះ ប៉ុន្តែពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយគ្មានការ​ភ័យខ្លាច​ពីជំងឺកូវីដ១៩ឡើយ។

លោករដ្ឋមន្រ្តីអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចចំពោះបញ្ហាជំងឺ Covid-19 ខ្លាំងហួសហេតុពេក ទោះបីជាជំងឺនេះជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាល​ឱ្យជាសះស្បើយវិញបានដែរ៕