ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ​ដល់គ​ម្រោង រោងចក្រចំនួនប្រាំទីតាំងបន្ថែមនៅក្នុងខែកុម្ភៈនេះ ក្នុងទំហំទឹកប្រាក់វិនិយោគប្រ​មាណ ៣០លានដុល្លារ ជាមួយនឹងឱកាសវិនិយោគ​ជាច្រើនពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹ​ក្សាអភិវឌ្ឍន៍ កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់​ក្រុម​ហ៊ុនរួមមាន៖

១- “SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមាន​ទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុន​វិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣៥​កន្លែង។

២- “ ROYAL INNOTECH KNITWEAR CO., LTD” គម្រោងបង្កើតរោង​ចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយ​កណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១០លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១.៦៥១កន្លែង។

៣- “LITKCONN TECHNOLOGY (CAMBODIA) CO., LTD” គម្រោង បង្កើតរោងចក្រផ្គុំដំ​ឡើងអំពូល​ភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២៩៦កន្លែង។

៤- “NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៧៩កន្លែង។

៥- “SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង៕ AKP