តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដី សើមមួយកន្លែងដែលមានសារៈ​ប្រយោជន៍​ខ្លាំង​​ណាស់ ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ។ នេះជាការ​លើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា។

ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញ និងអំពាវនាវ​ដល់មន្ត្រីជំនាញ  អង្គការដៃគូ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវប្តេជ្ញាអភិរក្សតំបន់​ដីសើម​នេះឱ្យនៅគង់វង្ស ស្ថិតស្ថេរសម្រាប់ បម្រើជាប្រយោជន៍ដល់អ្នកភូមិនៅក្បែរ ពិសេស​ក្មេងជំនាន់ក្រោយតាមរយៈការចងក្រងបង្កើតជាតំបន់អេកូទេសចរណ៍ដ៏ទាក់ ទាញនៅថ្ងៃខាងមុខ។

លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងពិធីប្រារព្ធទិវាតំបន់ដីសើម ពិភពលោក​ឆ្នាំ២០២០ ក្រោមប្រធានបទ “តំបន់ដីសើម និងជីវចម្រុះ”  នៅ សាលាបឋមសិក្សា ថ្មបើក ស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីពេលថ្មីៗកន្លងមកនេះ។

ព្រះរាជាណាកច្រកម្ពុជា មានផ្ទៃតំនប់ដីសើមប្រមាណ ៤០ភាគរយ  ហើយតំបន់ដីសើម គឺសំដៅលើដីមានសំណើម ដូចជានៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងវាលទំនាប​មួយចំនួនផងដែរ។ 

ដោយឡែកតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដីសើមដែលមានផ្ទៃដី ប្រមាណ ២១៧ហិកតា ដែលបាន និងកំពុងអភិរក្ស ហើយតំបន់នេះមានលក្ខណៈ ពិសេសត្រង់​ថា ជាជម្រកសត្វស្លាបច្រើន ប្រមាណជិត១០០ប្រភេទ ហើយខ្លះជាប្រភេទ​បក្សីកម្រ​ជិតផុតពូជ ពីភពផែនដី  ដូចជាសត្វក្រៀលជាដើម ដែលមាន​ចំនួនជាង១០០​ក្បាល នៅតំបន់ការពារ ទេសភាពអន្លង់ព្រីងនេះ៕