ភ្នំពេញ ៖  ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ទំនិញកម្ពុជា តែ៤០មុខប៉ុណ្ណោះ ដែល​ត្រូវបង់ពន្ធ ខណៈ ៩,០០០មុខទៀត អាចបន្តនាំចេញទៅសហភាពអឺរ៉ុប​ដោយ​មិន​បង់ពន្ធ។ ការប្រកាសនេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបប្រកាសព្យួរ​មុខ​ទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់ទីផ្សារអឺរ៉ុប។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រសួងបានទទួលលិខិតកាលពីថ្ងៃទី ១២ កុម្ភៈ របស់គណៈកម្មការអឺរ៉ុប តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីនីតិវិធី​នៃការ​ព្យូរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោមក្រប​ខ័ណ្ឌ​អនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វារុធ។

តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៣ កុម្ភៈ របស់ក្រសួងពាណិជ្ជកម្ម បានគូស​បញ្ជាក់​ថា មុខទំនិញចំនួន ៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយ​មានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជា មានលទ្ធភាព​អាចបង់ពន្ធនាំ​ចេញទៅកាន់ទីផ្សារអឺរ៉ុបបាន។

ទន្ទឹមនឹងនេះ នៅសល់មុខទំនិញប្រមាណ ៩០០០មុខទៀត នៅតែទទួលបានភាព​អនុគ្រោះ​ពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ក្នុងគោល​បំណងបន្តជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភព​ចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា តាមនីតិវិធីនៃបទប្បញ្ញត្ថិស្តីពីក្របខ័ណ្ឌអ​នុគ្រោះ​ពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញ ដែលបានស្នើសុំព្យួរស​ប្បទាន​ពន្ធជាបណ្តោះអាសន្នចំនួន ៤០មុខនេះ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្នុងន័យនេះ សហភាពអឺរ៉ុប មានសិទ្ធិជំទាស់ ទៅនឹងសេចក្តីស្នើច្បាប់សុំព្យូរជា​បណ្តោះ​អា​សន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេល​វេលា២​ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា៕