ភ្នំពេញ៖ លោកឧកញ៉ាកសិកម្ម ម៉ុង ឬទ្ធី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបាន​ប្រមូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញ​ទៅកាន់ប្រទេសបារាំង និងប្រទេសរុស្សីឆាប់ៗនេះ។

បើតាមលោកឧកញ៉ា ផ្លែស្វាយកែវរមៀត ដែលនឹងនាំចេញទៅកាន់ប្រទេសបារាំង គឺជាជើងទី១៧ និងប្រទេសរុស្សីជាជើងទី ១០ ក្នុងឆ្នាំ២០១៩-២០២០។ លោក​ឧកញ៉ាបន្តថា  ទំនិញទាំងអស់នេះ នឹងត្រូវបញ្ជូនតាមជើងយន្តហោះ QATAR ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី មានចំនួន ២,០៤៧គីឡូក្រាម  និងប្រទេសបារាំង មានចំនួន ២,៦១៣.៩៦គីឡូ ផ្លែស្វាយដែលបាននាំចេញសរុប មានចំនួន ២៧ជើង ស្មើរនិងជាង៧៣ម៉ឺនគីឡូក្រាម(៧៣,២០០.៣៤ គីឡូក្រាម)។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានលើកទឹកចិត្តទៅដល់ប្រជាកសិករ  ប្រសិនបើមានផ្លែ​ស្វាយកែ​វរមៀតដែលចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់​សូមទំនាក់ទំនងលេខទូរសព្ទ័  ០៩៨​ ៨៨៨ ៧២៧ និង​ ០៩៨ ៨៨៨ ២៦៤។

របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំ​ចេញ​ផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន។

សូមបញ្ជាក់ថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា៕ អត្ថបទ៖ សាវតា