ភ្នំពេញ៖ ស្របពេលវីរុស​កូ​រ៉ូ​​ណាថ្មី កំពុងវាយប្រហាខ្លាំងទៅលើប្រជាជនចិន និងបណ្ដា​ប្រ​ទេសលើពិភពលោក រួម​ទាំង​កម្ពុជាផង មានមតិជាច្រើនចង់ឲ្យមន្រ្តីក្រ​សួងពាក់ព័ន្ធផ្អាកជើងហោះហើររវាងប្រទេសកម្ពុជានិងចិនមួយរយៈ។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់​សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៌ថា «​ចំពោះបញ្ហា(អ្នក)ទេសចរ យើងនៅតែ​ស្វាគមន៍​ទេសចរ​ទាំងអស់ យើងអត់មានថាបិទព្រលានយន្តហោះ ឬក៏ជើងហោះហើរ ឬហាមឃាត់ភ្ញៀវទេសចរមិនឲ្យមកនោះទេ។ យើងនៅតែទទួលស្វាគមន៍​ភ្ញៀវទេសចរ​ទាំងអស់»

លោកបញ្ជាក់ថា ចិនជាទីផ្សារទេសចរណ៍មួយដ៏ធំរបស់ប្រទេសកម្ពុជា។ 

លោក តុប សុភ័ក បានអំពាវនាវប្រជាពលរដ្ឋ ឈប់មានការ​ព្រួយបារម្ម​ណ៍​ខ្លាំង ហើយ​ត្រូវធ្វើតាម​ការណែនាំរបស់ក្រសួង សុខាភិបាល ឬអជ្ញារធរ អំពីវិធានការការពារ​។ លោក​បន្ថែម​ថា ប្រជាពល​រដ្ឋនៅតែអាចដើរលេងកម្សាន្តបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ។

កម្ពុជាជាប្រទេសមួយក្នុងចំណោម១៨ប្រទេសផ្សេងទៀត ត្រូវបានគេរកឃើញថា មានមនុស្សផ្ទុកវីរុស​កូ​រ៉ូ​​ណាថ្មី ដែលទើបនឹងកើតមានលើភ្ញៀវ​ទេសចរជនជាតិចិន​ម្នាក់នៅខេត្តព្រះស៊ីហនុកាលពីថ្ងៃទី ២៧ ខែមករា៕

អត្ថបទ៖ ចន្ថា