ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសបន្ដសហការជាមួយរាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ​ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែល​​ត្រូវដើរ​តាមយុទ្ធសាស្រ្តឆ្នាំ២០៣០របស់ADB។

លោកស្រី ក្លេអូ កាវ៉ាវ៉ាគី (F. Cleo Kawawaki) អគ្គនាយរង ទទួល បន្ទុក នាយក ដ្ឋានអាស៊ី អាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអះអាងថា ការរៀបចំ ឯកសារយុទ្ធសាស្រ្ដនេះ កម្ពុជា​ត្រូវ​មានសង្គតិភាពជាមួយនឹងផែន​ការយុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍ ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់​កាលទី៤ ដើម្បីកំណើន​ការងារ សមធម៌ និងប្រសិទ្ធ ភាព សម្រាប់កសាងមូលដ្ឋានឆ្ពោះ​ទៅសម្រេច​ចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានសាទរ ចំពោះ ADB ដែលនៅតែ បន្តដើរ តួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុង ភាពជាដៃគូល្អ និងស្មើ ភាពគ្នា ជាពិសេសកិច្ច​សហ​ប្រ​តិបត្តិការ​ដ៏ល្អប្រសើររបស់ ADB ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុងកិច្ច​អភិវឌ្ឍន៍ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យ​ផលិត​ផល​សរុបក្នុងស្រុក​សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ ដុល្លារអាម៉េរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១.៥០០ ដុល្លារ​អាម៉េរិក នៅឆ្នាំ២០១៨នេះ៕